វិចារណកថា​៖​ ក្រសួង​សាធារណការ​មាន​មោទនភាព​នឹង​ចំនួន​ជញ្ជីង​កើនឡើង​

ចែករំលែក៖

1-29

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កំពុង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ នៅ​គ្រា​ដែល​បាន​បន្ថែមចំនួន​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹក​ទំនិញ​បាន​ចំនួន​ច្រើន​នៅ​តាម​ផ្លូវជាតិ​នីមួយៗ​ ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​ក្រសួង​អាច​រក​ប្រាក់​ចំណូល​បាន​លើស​ពី​«​ផែនការ​»​ ។​ មោទនភាព​នេះ​ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ ក្នុង​ការ​ស្វែងរក​ប្រាក់​ដើម្បី​ជា​ចំណូល​ និង​ចាត់​ទុក​ថា​ជា​ជោគជ័យ​មួយ​ ដើម្បី​ឲ្យ​លើស​«​ផែនការ​»​ ក្នុង​ការ​ផាកពិន័យ​ចំពោះ​រថយន្ត​ធំៗ​ ដែល​ដឹក​ទំនិញ​លើស​ទម្ងន់​ ក៏​ដូច​ជា​ការ​ដែល​ត្រូវ​បង់ប្រាក់​តាម​ធម្មតា​ចំពោះ​រថយន្ត​ដែល​មិន​លើស​ទម្ងន់​ ។​

​ពុទ្ធោ​!​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ ដ៏​ចាស់​ទ្រុឌទ្រោម​ មាន​ទទឹង​ប្រហែល​៨​ម៉ែត្រ​នោះ​ផ្លូវជាតិ​នេះ​ មាន​ជញ្ជីង​ថ្លឹង​រថយន្ត​២​កន្លែង​នៅ​ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ​ពី​គ្នា​ គ្រាន់តែ​ថា​១​ ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្តកណ្តាល​ និង​១​ទៀត​ ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ​ ។​ នេះ​ជា​យុទ្ធសាស្ត្រ​ និង​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​បែកញើស​ប៉ុន​គ្រាប់ពោត​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ក្នុង​ការ​ពង្រីក​ចំនួន​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​គ្រប់​ផ្លូវជាតិ​ដើម្បី​ប្រមូលប្រាក់​ ។​ ប្រជាពលរដ្ឋ​ខ្មែរ​,​ មន្ត្រីរាជការ​ខ្មែរ​,​ កងកម្លាំងប្រដាប់អាវុធ​ខ្មែរ​ យល់​ថា​សម​ស្រប​ឬទេ​ ចំពោះ​ករណី​ដែល​ក្រសួង​សាធារណការ​ បន្ថែម​ជញ្ជីង​ថ្លឹង​រថយន្ត​២​កន្លែង​ក្បែរ​គ្នា​នៅ​លើ​ផ្លូវជាតិ​លេខ​២​ ។​ មួយ​កន្លែង​នៅ​ម្តុំ​ឃុំ​សៀមរាប​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ និង​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ក្នុងភូមិ​ឃ្លាំង​សម្បត្តិ​ ឃុំ​ពត់​សរ​ ស្រុក​បាទី​ ខេត្តតាកែវ​ ដែល​មាន​ចម្ងាយ​ប្រហែល​មិន​ដល់​៥​គីឡូម៉ែត្រ​ពី​គ្នា​នោះ​ទេ​ ។​ គ្រាន់តែ​បែងចែក​ភូមិសាស្ត្រ​ខេត្ត​២​ដាច់​ពី​គ្នា​ប៉ុណ្ណោះ​ ។​

​នេះ​គ្រាន់តែ​កំណាត់​ផ្លូវជាតិ​លេខ​២​ ពី​ភ្នំពេញ​ទៅ​ទីរួមខេត្ត​តាកែវ​មាន​ជញ្ជីង​ថ្លឹង​រថយន្ត​២​កន្លែង​ទៅ​ហើយ​ ។​ ចុះ​ទម្រាំ​ផ្លូវជាតិ​ដទៃ​ទៀត​ ដែល​មាន​ស្តង់ដា​ ទំហំ​ធំ​ទូលាយ​ តើ​ក្រសួង​សាធារណការ​រក​វិធី​ដាក់​ជញ្ជីង​បាន​ប៉ុន្មាន​កន្លែង​ទៅ​ ដើម្បី​បង្ហាញ​អំពី​មោទនភាព​ និង​ជោគជ័យ​របស់​ខ្លួន​នោះ​?​

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​ពីរ​កន្លែង​នេះ​និយាយ​ថា​ វា​ប្រៀប​ដូច​ជា​កុងត្រូលជជុះ​យ៉ាង​ដូច្នោះ​ដែរ​ ប៉ុន្តែ​វា​គ្រាន់តែ​ថា​ កុងត្រូលជជុះ​ស្របច្បាប់​ ។​ រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​នៅ​តែ​អាច​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​ ដែល​មាន​ជញ្ជីង​ថ្លឹង​រថយន្ត​ដល់​ទៅ​២​កន្លែង​នោះ​បាន​ដោយ​ស្រួល​ ។​ ពួក​គេ​ចូល​ថ្លឹង​រថយន្ត​រួច​ត្រូវ​បង់ប្រាក់​ ពេល​ដែល​រថយន្ត​ដឹក​លើស​ទម្ងន់​ ។​ រីឯ​រថយន្ត​ដែល​មិន​លើស​ទម្ងន់​ ក៏​ត្រូវ​បង់ប្រាក់​សម្រាប់​ឲ្យ​មន្ត្រី​ដែល​ប្រចាំការ​នៅ​តាម​បញ្ជរ​បង់ប្រាក់​ គ្រាន់​នឹង​ទទួលទាន​គុយទាវ​ កាហ្វេ​…​។​ ទ​ង្វើ​បែប​នេះ​ជា​ទម្លាប់​របស់​ក្រុម​ជញ្ជីង​ ក៏​ដូច​ជា​អ្នក​រកស៊ី​ដឹក​ទំនិញ​ដែល​ត្រូវ​តែ​យោគយល់​ដល់​ការ​លំបាក​របស់​មន្ត្រី​សាធារណការ​ប្រចាំ​នៅ​ស្ថានីយ​ថ្លឹង​ទម្ងន់​នីមួយៗ​ ។​ បើ​ទោះបីជា​រថយន្ត​មិន​ផ្ទុក​លើស​ទម្ងន់​ ក៏​ត្រូវ​តែ​មាន​«​ទ្រនាប់​ដៃ​»​ ជូន​មន្ត្រី​សាធារណការ​ ដែល​មើល​ការ​ខុស​ត្រូវ​នៅ​តាម​ស្ថានីយ​ថ្លឹង​ទម្ងន់​នីមួយៗ​នោះ​ដែរ​ ។​

​នេះ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ក្រសួង​សាធារណការ​ដើម្បី​អនុ​វ​តុ្ត​«​ផែនការ​»​ឲ្យ​បាន​ជោគជ័យ​ ។​ ផែនការ​ឲ្យ​បាន​ជោគជ័យ​របស់​ក្រសួង​សាធារណការ​គឺ​បាន​បំផ្លាញ​ផ្លូវជាតិ​ទៅ​វិញ​ទេ​ ។​ ក្រសួង​មាន​មោទនភាព​ក្នុង​ការ​ប្រមូលប្រាក់​ផាកពិន័យ​ពី​រថយន្ត​ដឹក​ទំនិញ​ ។​ ប៉ុន្តែ​ប្រាក់​ផាកពិន័យ​ទាំងនោះ​ មិន​អាច​យក​ទៅ​ជួសជុល​ផ្លូវ​ដែល​ខូចខាត​បាន​នោះ​ឡើយ​ ។​ នេះ​ជា​អ្វី​ដែល​គេ​មើលឃើញ​ថា​ ផែនការ​ស្ទក់ៗ​ របស់​ក្រសួង​សាធារណការ​ ជា​ផែនការ​ដែល​បំផ្លាញ​ផ្លូវជាតិ​ខ្លួនឯង​ទៅ​វិញ​ ។​

​នៅ​តាម​ផ្លូវជាតិ​ណាមួយ​ដែល​គ្មាន​ជញ្ជីង​ថ្លឹង​រថយន្ត​?​ ជាក់ស្តែង​គ្រាន់តែ​កំណាត់​ផ្លូវជាតិ​លេខ​២​ចម្ងាយ​មិន​ដល់​៥​គីឡូម៉ែត្រ​ផង​នោះ​ មាន​ជញ្ជីង​ថ្លឹង​រថយន្ត​ដល់​ទៅ​២​កន្លែង​ ។​ នេះ​ជា​មោទនភាព​ និង​ជា​មុខមាត់​របស់​ក្រសួង​សាធារណការ​ ដែល​បាន​ខិតខំ​ពង្រីក​ចំនួន​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​បាន​ច្រើន​ដើម្បី​ផាកពិន័យ​ រថយន្ត​លើស​ទម្ងន់​ប្រមូលប្រាក់​ឲ្យ​បាន​លើស​ផែនការ​ ។​ វា​ជា​ជោគជ័យ​នៃ​ការ​ប្រមូលប្រាក់​ដើម្បី​បាន​លាភ​សក្ការ​ច្រើន​ចែក​គ្នា​ ។​ ប៉ុន្តែ​អ្នក​ដែល​រង​គ្រោះ​ពិតប្រាកដ​ គឺ​ផ្លូវជាតិ​ និង​ប្រជាពលរដ្ឋ​ ។​ ប្រជាពលរដ្ឋ​អាច​និយាយ​យ៉ាង​ដូច្នេះ​ ប៉ុន្តែ​ក្រសួង​សាធារណការ​ ដែល​ជា​ស្ថាប័ន​ជំនាញ​អាច​មាន​ហេតុផល​ផ្សេង​ក្នុង​ការ​ពង្រាយ​ចំនួន​ជញ្ជីង​ឲ្យ​បាន​ច្រើន​ដើម្បី​ ប្រមូលប្រាក់​ពី​ក្រុម​រថយន្ត​ដឹក​លើស​ទម្ងន់​ និង​រថយន្ត​ដឹក​ទំនិញ​នានា​ ទោះ​មិន​លើស​ទម្ងន់​ក្តី​ ។​

...

​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តែ​និយាយ​ថា​ «​ជញ្ជីង​ថ្លឹង​រថយន្ត​ ឬ​ក៏​ជញ្ជីង​ថ្លឹង​លុយ​?»​ ។​ ចំនួន​ជញ្ជីង​កាន់តែ​ច្រើន​ ផ្លូវជាតិ​កាន់តែ​ហិនហោច​ ក្រោម​យុទ្ធសាស្ត្រ​ជោគជ័យ​របស់​ក្រសួង​សាធារណការ​ ៕​ នួន​ ន​រិ​ន្ទ្រ​ន៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print