ពលរដ្ឋពេញវ័យអាមេរិកជាង ៥០% ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់ បានទិញសំបុត្រយន្តហោះដើម្បីទៅកម្សាន្តនៅក្នុងប្រទេសតំបន់អឺរ៉ុប។ ចំនួនពលរដ្ឋដែលបញ្ជាទិញសំបុត្រយន្តហោះ ក៏ដូចជាកក់សណ្ឋាគារនៅអឺរ៉ុបបានកើនឡើងខ្ពស់។
សារព័ត៌មានCNBC បានផ្សាយថា ប្រទេសតំបន់អឺរ៉ុបកំពុងតែរង់ចាំការធ្វើដំណើរកម្សាន្តមកកាន់តំបន់នេះនៅរដូវក្តៅ។ កាលពីសប្តាហ៍កន្លងមក សហគមន៍អឺរ៉ុបបានប្រកាសថា នឹងបន្ធូរបន្ថយចំពោះអ្នកទេសចរបរទេស ពិសេសគឺអ្នកទេសចរអាមេរិកដែលបានចាក់វ៉ាក់សាំងរួចរាល់។
តាមតួលេខរបស់គណៈកម្មការទេសចរណ៍អឺរ៉ុបបានឱ្យដឹងថា ចំនួនអ្នកទេសចរទៅកាន់អឺរ៉ុបបានធ្លាក់ចុះដល់ទៅ៧០%នៅឆ្នាំ២០២០ បើប្រៀបធៀបនិងឆ្នាំ២០១៩ដែលមានអ្នកទេសចរសរុបប្រមាណ៣៦លាននាក់ទៅកាន់អឺរ៉ុប។ ចំណែកនៅក្នុងឆ្នាំ២០២០ នៅសល់តែ ៦,៦លាននាក់ប៉ុណ្ណោះ។
នៅពេលនេះពលរដ្ឋពេញវ័យនៅអាមេរិក ជាង ៥០% ដែលបានចាក់វ៉ាក់សំាងរួចរាល់បានឡើងគម្រោងទៅកាន់អឺរ៉ុប ។ បណ្តាក្រុមហ៊ុនអាកាសចរណ៍អាមេរិក ក៏បានបង្កើនជើងហោះហើរដែរក្រោយពេលពលរដ្ឋបញ្ជាទិញសំបុត្រយន្តហោះទៅកម្សាន្តនៅអឺរ៉ុបកើនឡើងខ្ពស់ ។ កន្លងមកលោកស្រី Ursula Won Der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានបើកភ្លើងខៀវអនុញ្ញាតឱ្យពលរដ្ឋអាមេរិកដែលចាក់វ៉ាក់សាំងរួចរាល់ទៅកាន់អឺរ៉ុប ។ នៅពេលនេះចំនួនអ្នកបញ្ជាទិញសំបុត្របានកើនឡើង ៤៧%៕
រូបភាព៖ CNN