ខេត្តពោធិ៍សាត់៖ រថយន្តធុនធំកាកបាទក្រហមដឹកអង្ករ បុកជាមួយរថយន្តធុនធំមួយគ្រឿងទៀត បណ្ដាលឱ្យស្លាប់អ្នកបើកបរម្នាក់ នៅនឹងកន្លែងកើតហេតុ ខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំ ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឱ្យមានមនុស្សស្លាប់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ ៥ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៦-១៦៧ ស្ថិតក្នុងភូមិអូរអាចម៌កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកក្រគរបានឱ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-2301 បើកបរដោយឈ្មោះ ពិសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅសង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានរេចង្កូតមកឆ្វេងដៃ ក៏បានជ្រុលបុករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 3C-7818 បណ្ដាលឱ្យស្លាប់ខ្លួនឯងខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ។ ប្រភពបន្តទៀតថា វត្ថុតាងរថយន្តទាំង ២គ្រឿង សមត្ថកិច្ចនគរបាលកំពុងចាត់ចែងយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាបន្តតាមនីតិវិធី ៕ ប៉ឹម ពិន