ខេត្តសៀមរាប, នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ដូចមានរាយនាមខាងក្រោម៖
១- ឈ្មោះ សុង ម៉ាល់ ភេទស្រី អាយុ២២ឆ្នាំ អាសយដ្ឋាននៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ អឿន ធឿន ភេទស្រី អាយុ២០ឆ្នាំ អាសយដ្ឋាននៅភូមិឆេះចាន ឃុំស្វាយលើ ស្រុកស្វាយលើ បានធ្វើដំណើរមកពីខេត្តសមុទ្រប្រាកាន ប្រទេសថៃ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
ករណីទាំង២ខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កគរុ-កោសល្យ និងវិក្រឹតការខេត្ត និងម្នាក់ទៀតនៅវិទ្យាល័យសម្ដេចឪ បន្ទាប់ពីបានមកដល់ខេត្តសៀមរាប។
រដ្ឋបាលខេត្តបានបញ្ជាក់ថា, មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៦៧នាក់ ស្លាប់២នាក់ និង៥៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ, សិលា