ពុទ្ធោអើយ ! អ្នកស្លាប់ដោយសារពុលស្រា-ស នៅខេត្តពោធិ៍សាត់ កើនរហូតដល់១៣នាក់ ខណៈជាង៧០នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តពោធិ៍សាត់ , ជាងមួយសប្តាហ៍មុន មានអ្នកពុលស្រា ស បានស្លាប់ជាបន្តបន្ទាប់នៅស្រុកល្វាឯម ខេត្តកណ្ដាល, បច្ចុប្បន្នមានអ្នកពុលស្រា ស បានស្លាប់ជាបន្តបន្ទាប់ជាង ១០នាក់ នៅខេត្តពោធិ៍សាត់, ខណៈដែលជំងឺកូវីដ-១៩ កំពុងឆក់ប្រជាពលរដ្ឋអស់ជាង ២០០នាក់ និងមួយថ្ងៃ មានអ្នកឆ្លងរហូតដល់ចាប់ពី៥០០ នាក់ដល់ជាង៧០០នាក់ ។ បើតាមសេចក្តីរាយការណ៍ពីខេត្តពោធិ៍សាត់

អ្នកស្លាប់ដោយសារពុលស្រា-ស នៅខេត្តពោធិ៍សាត់ កើនរហូតដល់១៣នាក់ ខណៈជាង៧០នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា, រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារពុលស្រា-ស នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកើនឡើងដល់១៣នាក់ ខណៈមនុស្សជាង៧០នាក់ផ្សេងទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងចំណោម មនុស្សទាំងជាង៧០នាក់នោះ មានអ្នកសង្រ្គោះបន្ទាន់នៅពេទ្យកាល់ម៉ែត និងពេទ្យលោកសង្ឃ១២នាក់ ព្រមទាំងអ្នកកំពុងសង្គ្រោះនៅខេត្ត ចំនួន៦២នាក់ ដែលការសង្រ្គោះទាំងអស់គឺជាការយកចិត្តទុកដាក់ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងការជួយគាំទ្រដោយ លោក កែវ រតនៈ។

យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ប្ដីប្រពន្ធ ដែលជាអ្នកផលិតស្រា-សនេះ រួមមាន៖

ទី១៖ ឈ្មោះ ស៊ុយ គឹមទៀង អាយុ៧១ឆ្នាំ (ប្តី)
ទី២៖ ឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ (ប្រពន្ធ) មានទីលំនៅភូមិសាន់សរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំពោះជនសង្ស័យទាំង២នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។ ដោយឡែកសម្រាប់ករណីពុលស្រានៅស្រុកល្វាឯម ខេត្តកណ្ដាល បានបណ្ដាលឲ្យមនុស្ស១២នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់ផ្សេងទៀត។ ដោយឡែក ករណីពុលស្រានៅស្រុកកំពង់ត្រាច ខេត្តកំពត បណ្ដាលឲ្យមនុស្ស៩នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺជាង៣០នាក់ផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋ,នៅតាមបណ្ដាមូលដ្ឋានខេត្តមួយចំនួន គួរបញ្ឈប់ការពិសារស្រា ស ឬស្រាថ្នាំ ដែលគ្មានប្រភពផលិតច្បាស់លាស់តាមស្តង់ដារ ងាយរងគ្រោះបំផុត។ ដូចជាករណីជាក់ស្ដែងស្លាប់នៅខេត្តកណ្ដាល ខេត្តកំពត និងខេត្តពោធិ៍សាត់ សុទ្ធតែជារឿងដដែលៗ ត្រូវបានផ្សព្វផ្សាយដោយក្រសួងសុខាភិបាល បញ្ជាក់ពីការផលិតមិនត្រឹមត្រូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ អនុវត្តតាមវិធានសុខាភិបាល នឹងទទួលយកនូវការផ្សព្វផ្សាយព័ត៌មានពិត៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print