ភ្នំពេញ៖ បើតាមការបញ្ជាក់ពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងឲ្យដឹងនៅថ្ងៃទី ០៤ ខែ មិថុនាឆ្នាំ ២០២១នេះថា បច្ចុប្បន្នក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី១០ហិកតាក្នុង មួយគម្រោង) ចំនួន ១៩៩ គម្រោងដែលស្ថិតនៅ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅទូទាំងប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងចំណោមគម្រោងវិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិខ្នាតតូចនេះមានដូចជានៅ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឧទ្យានជាតិកែបដែនជម្រក សត្វព្រៃឱរ៉ាល់ ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ឧទ្យានជាតិក្រវ៉ាញ កណ្តាល ដែនជម្រកសត្វព្រៃកែវសីម៉ា ដែនជម្រកសត្វព្រៃតាតៃនិងពាមក្រសោប ជាដើម។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ទៀតថា” ក្រសួងបរិស្ថានជឿជាក់ថាជាមួយគម្រោងវិនិយោគអភិវឌ្ឍន៍ ទេសចរណ៍ខ្នាតតូចនេះ នឹងចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើត សេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍”។
រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់បន្ថែមថា សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិទាំងនោះមានសក្តានុពលទេសចរណ៍ដូចជាទឹកធ្លាក់ ទេសភាពនិងព្រៃឈើ និងសត្វព្រៃជាដើម។ គម្រោងមួយចំនួនបាននិងកំពុង ដំណើរការ និងមួយចំនួនទៀតបាននិងកំពុងរៀបចំនីតិវិធីនៃការធ្វើកិច្ច សន្យាការពារបរិស្ថាន ការរៀបចំប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍។ នេះជាការបង្កើត តំបន់ទេសចរណ៍ថ្មីបន្ថែមលើអ្វីដែលមានស្រាប់គ្រប់គ្រងដោយសហគមន៍។ បច្ចុប្បន្ននេះ សហគមន៍ទេសចរណ៍ធម្មជាតិចំនួន ២៦បាននិងកំពុងតែគ្រប់គ្រង ដោយសហគមន៍តំបន់ការពារធម្មជាតិ។
ជាមួយគ្នានេះ លោក នេត្រភក្ត្រា បានបញ្ជាក់ទៀតថា ចំពោះការវិនិយោគអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិនេះគឺការបង្កើតរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីៗបន្ថែមទៀតដែលជាទីទាក់ទាញសម្រាប់អ្នកស្រឡាញ់ធនធនធម្មជាតិដើរកម្សាន្តស្វែងយល់ ពីធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបនៅកម្ពុជា។ ទេសចរណ៍ធម្មជាតិ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យ ស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ។
បន្ថែមពីនេះ រដ្ឋលេខាធិការរូបនេះ ថា៖ ការជំរុញលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិគឺដើម្បីជំរុញការចូលរួមក្នុងកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិនិងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហ គមន៍មូលដ្ឋាន។សហគមន៍ដើរតួនាទី សំខាន់ក្នុងការចូលរួមទទួលខុសត្រូវការពារអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស និងកសាងជារបងការពារតំបន់ការពារធម្មជាតិតាមរយៈការបង្កើតមុខ របរថ្មី ផ្តល់ជម្រើសថ្មី និងបង្កើនចំណូលប្រចាំថ្ងៃ បង្កើនជីវភាពរបស់ប្រជាពលរដ្ឋ៕ដោយ៖សហការី