សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ, បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom ដោយមានការចូលរួម រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណជា ៥៨រូប។

នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានបន្តថា, គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ ធឹម សុផា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ហើយតែងតាំងមុខតំណែង ឧត្តមសេនីយ៍ឯក ងួន ស្រេង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ធឹម សុផា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលបានផ្ដល់ភារកិច្ចដឹកនាំការងារ នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងកន្លងមក ហើយក៏បានធ្វើការប្ដេជ្ញាចិត្តបន្តអនុវត្តការងារជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ដែលទើបទទួលបានការតែងតាំងបន្ថែមទៀត ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនប្រកបដោយភាពជោគជ័យ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញអានព្រះរាជក្រឹត្យ ស្ដីពីការតែងតាំងមុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងផងដែរ។

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ទើបចូលកាន់មុខតំណែង បានធ្វើការប្ដេជ្ញាចិត្ត គោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ហើយមានភាពស្មោះត្រង់ស្រឡាញ់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពគាំទ្រដោយស្មោះត្រង់បំផុត ចំពោះកម្មវិធីនយោបាយរាជរដ្ឋាភិបាល។ លោក បានបន្តថា លោក នឹងប្រឹងប្រែងគោរពអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវការចាត់តាំង ផ្សេងៗ ក៏ដូចជាបទបញ្ជាដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជាពិសេសអនុវត្តនូវតួនាទី ភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងចូលរួមយ៉ាងពេញលេញក្នុងការការពារសន្ដិភាព និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព ផ្ទៃក្នុងឱ្យបានរឹងមាំជាប់ជានិច្ច ដើម្បីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ផ្ដាំផ្ញើ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ នាយឧត្តមសេនីយ៍ ធឹម សុផា និងសហការីទាំងអស់ ដែលក្នុងរយៈពេលកន្លងទៅនេះ ពោលគឺចាប់តាំងពីបង្កើតជានាយកដ្ឋានសវនកម្មផ្ទៃក្នុង រហូតដល់បង្កើតបានជាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានខិតខំបំពេញភារកិច្ចសម្រេចបាននូវស្នាដៃមួយចំនួនផងដែរ បើទោះបីជាសមត្ថភាព និងការយល់ដឹងរបស់មន្ដ្រីមានភាពខុសៗគ្នាក៏ដោយ។

សម្ដេចក្រឡាហោម ក៏បានជំរុញឲ្យអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បន្តប្រឹងប្រែងបំពេញការងាររបស់ខ្លួនបន្ថែមទៀតឲ្យកាន់តែមានប្រសិទ្ធភាព។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលជាតិទាំងអស់ឲ្យបន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគោរពការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print