ភ្នំពេញ៖ កូនឈើសរុបចំនួន ៨,៧០០ ដើម ត្រូវបានចែកជូនទៅសាធារណជន កាលពីចុងខែឧសភា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ បន្ទាប់ពីព្រះសង្ឃ ព្រមទាំងសាធារណជនបាន ដាក់ពាក្យស្នើសុំកូនឈើ ជាបន្តបន្ទាប់មកកាន់អាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំ នៅលើដីលំនៅឋាន ដីចម្ការ សាលារៀន វត្តអារាម និងដីតំបន់ជុំវិញទៅតាមតម្រូវ។ នេះបេីយោងតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា។
ជាក់ស្ដែងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ដើមឈើដែលផ្តល់ជូនទាំងនោះរួមមាន៖
*ផ្តល់កូនឈើជូនតំណាង លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ចំនួន៦០០ដើម ដើម្បីយកទៅដាំតាមបណ្តោយផ្លូវសំខាន់ៗក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម និងធ្នង់២០០ដើម។
*ផ្តល់កូនថ្កូវជូនលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។
*ផ្តល់កូនឈើជូនតំណាងក្រុមហ៊ុន គូឡារ៉ា វ៉ធើរ(KULARA Water Co.,Ltd.) ចំនួន១,១៥០ដើមដើម្បីយកទៅដាំស្តារព្រៃឈើរិចរិលឡើងវិញតាមជើងភ្នំគូលែន ខាងក្រោមព្រះអង្គជប់ ស្ថិតក្នុងភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង១០០ដើម ច្រេស២០០ដើម ឈើទាល១០០ដើម ផ្តៀក១០០ដើម គគីរ១៥០ដើម ត្រយឹង៥០ដើម និងកកោះ៥០ដើម។
*ផ្តល់កូនឈើជូនតំណាងលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិ ភាគទី៤ ចំនួន៥,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីបញ្ជាការដ្ឋាន យោធភូមិភាគទី៤ ស្ថិតក្នុងភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ កូនឈើទាំងនោះរួមមាន គ្រញូង១,០០០ដើម ធ្នង់៣០០ដើម បេង២០០ដើម ច្រេស៥០០ដើម ឈើទាល១,០០០ដើម គគីរ១,០០០ដើម រំដួល៥០០ដើម និងលឿងរាជ៥០០ដើម។
*ផ្តល់កូនឈើជូនលោក គឹម រស្មី ចំនួន១២០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន។ កូនឈើទាំងនោះរួមមាន គ្រញូង៣០ដើម ធ្នង់៣០ដើម កកោះ៣០ដើម និងគគីរ ៣០ដើម។
*ប្រគេនកូនឈើជូនព្រះអង្គ តាត មហាទី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសា ចំនួន១,១៣០ដើម ដើម្បីយកទៅដាំ និងចែកចាយនៅតាមសាលារៀន និងវត្ត អារាមក្នុងខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើមបេង២០០ ដើម សិរមាន់២២០ដើម គុយ២០ដើម ផ្ញៀវ២២០ដើម និងរំដួល២៧០ដើម។
*ផ្តល់កូនឈើជូនលោក ស៊ន់ កាន់ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំតាមជើងភ្នំគូលែន ស្ថិតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង៥០ដើម ច្រេស៥០ដើម ផ្តៀក១០០ដើម និងគគីរ១០០ដើម៕ដោយ៖សហការី