ខេត្តបាត់ដំបង៖ លោក យឹម វិចិត្រ អតីតមេញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ដ៏សំបូររឿងអាស្រូវ បន្ទាប់ពីលោក បានប្រើហិង្សាទាំងកំរោលដោយប្រើអាយកូមវាយក្បាលទៅលើមន្ត្រីក្រោមឱវាទរបស់ខ្លួន នៅចំពោះមុខមន្ត្រីរាប់សិននាក់ ហើយត្រូវកូនចៅខ្លួនប្ដឹងទៅលោក សាត គឹមសាន ស្នងការខេត្ត ដើម្បីសុំអន្តរាគមន៏ជួយរកយុត្តិធម៍។ រហូតនៅព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១ ថ្នាក់លើបានចេញសេចក្ដីសម្រេច «ផ្អាកការងារ» អតីតមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣រូបនេះ ជាបណ្ដោះអាសន្នផងដែរ។
ប៉ុន្តែអ្វីដែលមន្រ្តីតូចតាចបានលួចបង្ហេីបប្រាប់នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា លោក យឹម វិចិត្រ អតីតមេញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ បច្ចុប្បន្នក្រោយដកបញ្ឈរជើង លោកកំពុងលួចរត់ការស្ងាត់ៗ ដេីម្បីឡេីងតំណែងរបស់ខ្លួនចាស់វិញ។
គួរជម្រាបថា បេីតាមសម្តីជនរងគ្រោះឈ្មោះ ជា សុភ័ស្ដ ដែលមានតួនាទីនាយផ្នែកភស្ដភា បាននិយាយថា៖ មេកេីយរបស់ខ្លួនគឺ លោក យឹម វិចិត្រ បានយកអាយកូម វាក្បាលគាត់ កាលពីព្រឹកថ្ងៃទី០១ ខែមិថុនាថ្មីៗនេះ នៅចំពោះមុខមន្ត្រីរាប់សិននាក់ ដែលមកចូលរួមប្រជុំនៅក្នុងអង្គភាព ក្រោមអធិបតីភាព លោក ណុប ដារ៉ា អភិបាលរងខេត្ត ដោយគ្រាន់តែខឹងហៅលោកតាមវិទ្យទាក់ទងមិនឆ្លើយ។
លោក ជា សុភ័ស្ដ និយាយបន្ថែមថា មូលហេតុដែលគាត់មិនបានបើកវិទ្យុទាក់ទង ដោយសារនៅព្រឹកថ្ងៃកើតហេតុ គឺជាថ្ងៃដែលគាត់ដល់វេណសម្រាកប្រចាំការ ម្យ៉ាងវិញទៀត រូបគាត់ជាប់រវល់ទៅមើលចំការផងដែរ។ ប៉ុន្តែក្រោយមក លោកយឹម វិចិត្រ បានប្រើមន្ត្រីម្នាក់ឲ្យទៅតាមគាត់ឲ្យមកជួយ ខណៈដែលរូបគាត់ទៅដល់ទីបញ្ជាការ ពេលនោះមានមន្ត្រីជាច្រើននៅទីនោះ ស្រាប់តែលោក យឹម វិចិត្រ ដើរមកសំដៅ ហើយលើកអាកូមវាយក្បាលលោកទាំងកំរោល នៅចំពោះហ្វូងមន្ត្រីរាប់សិបនាក់។ ដោយសារតែលោក យឹម វិចិត្រ មិនទុកមុខ ទុកមាត់ ទុកកិត្តិយសឲ្យគាត់បែបនេះហើយ និងបានកើតឡើងដដែលពេក ទើបគាត់សម្រេចចិត្តដាក់ពាក្យប្ដឹងទៅសុំអន្តរាគមន៍ពីលោកស្នងការខេត្ត ដើម្បីឲ្យជួយរកយុត្តិធម៍ឲ្យរូបគាត់។
ដោយឡែកជុំវិញករណីនេះដែរ យោងតាមសេចក្ដីរាយការណ៍ពីស្រុកសំឡូត បានបង្ហេីបប្រាប់ថា ក្នុងពិធីប្រកាសសេចក្ដីសម្រេចរបស់លោកស្នងការខេត្ត ក្នុងកម្មវត្ថុ៖ «ផ្អាកការងារ» លោក យឹម វិចិត្រ ខាងលើនេះ បានធ្វើឡើងនៅទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោលលេខ៨២៣ ដែលមានទៅតាំងនៅ ជិតច្រកតំបន់៤០០ ក្នុងស្រុកសំឡូត ដែលមានលោក លី ប៊ួយ ស្នងការរងទទួលផែនការងារព្រំដែនជាអធិបតិប្រកាសសេចក្ដីសម្រេចនេះផ្ទាល់ជំនួសឲ្យលោកស្នងការខេត្ត ប៉ុន្តែគ្មានវត្តមានលោក យឹម វិចិត្រ នៅទីនោះទេ។
ជាក់ស្ដែងនៅក្នុងលិខិតបង្គាប់ការ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ស្ដីពី«ការប្រគល់ភាកិច្ចបណ្ដោះអាសន្ន ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង» លេខ៦៦ លបក.នប ចុះថ្ងៃទី០៣ មិថុនា ២០២១ របស់លោក សាត គឹមសាន ស្នងការនគរបាលខេត្ត គឺលោក យឹម វិចិត្រ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ត្រូវបាន«ផ្អាកការងារ» ជាបណ្ដោះអាសន្ន ហើយបានសម្រេចប្រគល់ភារកិច្ចក្នុងអង្គភាពជាបណ្ដោះអាសន្ន ជូនលោកវរៈសេនីយ៏ទោ មាស មឿន ជាមេបញ្ជាការរង នៃអង្គភាពនេះ ឲ្យទទូលដឹកនាំការងារក្នុងអង្គភាព ក្នុងចន្លោះពេលអវត្តមានមេបញ្ជាការដឹកនាំ។
ពាក់ព័ន្ធករណីខាងលើនេះដែរ លោក លី ប៊ួយ ស្នងការរងទទួលផែនការងារព្រំដែន បានថ្លែងថា៖ «នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ពិតជាបានប្រកាសផ្អាកការងារលោក យឹម វិចិត្រ ជាបណ្ដោះអាសន្នមែន ដោយយោងតាមលិខិតបង្គាប់ការរបស់លោកស្នងការខេត្ត»។ លោកស្នងការរង បន្ថែមថា ជាមួយនឹងការផ្អាកការងារលោក យឹម វិចិត្រ លោកស្នងការខេត្ត បានសម្រេចប្រគល់ភារកិច្ចនៅក្នុងអង្គភាព ជួនលោកវរៈសេនីយ៍ទោ មាស មឿន ដែលជាមេបញ្ជាការរង ដើម្បីដឹកនាំការងារនៅក្នុងអង្គភាពបណ្ដោះអាសន្ន។
ជាមួយគ្នានេះ លោកស្នងការរង មិនបានបញ្ជាក់ឲ្យច្បាស់ថា ការសម្រេច«ផ្អាកការងារ» លោក យឹម វិចិត្រ ជាបណ្ដោះអាសន្ននេះ គឺជាប់ពាក់ព័ន្ធនឹងករណី ដែលលោកបានប្រើហិង្សាទៅលើកូនចៅរបស់ខ្លួន។ ប៉ុន្តែលោក យឹម វិចិត្រ ក៏កំពុងត្រូវស៊ើបអង្កេតលើសំណុំរឿថ្មីមួយករណីទៀតដែរ គឺករណី «ស្លាប់ពលរដ្ឋម្នាក់ ដោយសារឈើវាត់ត្រូវក្បាលស្លាប់ នៅពេលទៅកាប់ព្រៃឲ្យលោកយឹម វិចិត្រ នៅក្នុងស្រុកសំឡូត»។
បន្ថែមពីនេះ លោក លី ប៊ួយ បានសង្កត់ធ្ងន់ថា នៅក្នុងពិធីប្រកាសសេចក្ដីសម្រេច មិនមានវត្តមានលោក យឹម វិចិត្រ នោះទេ ព្រោះលោកត្រូវបានជាប់វិន័យនៅស្នងការខេត្ត តែនៅចំពោះមុខគឺមានថ្នាក់ដឹកនាំមួយចំនួននៅក្នុងអង្គភាព និងមន្ត្រីមកពីស្ថាប័ននានាមួយចំនួនទៀត។ ប៉ុន្តែយ៉ាងក៏ដោយ បើតាមលោកលី ប៊ួយ បានគូសបញ្ជាក់បន្ថែមទៀតថា៖ សំណុំរឿង លោក យឹម វិចិត្រ ទំនងមិនទាន់បញ្ចប់ត្រឹមផ្អាកការងារបណ្ដោះអាសន្ននេះទេ។ ព្រោះពេលនេះមន្ត្រីជំនាញកំពុងបន្តស៊ើបអង្កេតលើករណី«ពលរដ្ឋម្នាក់ស្លាប់ ដោយសារឈើវាត់ត្រូវក្បាល នៅពេលទៅស៊ីឈ្នូលកាប់ព្រៃចំការឲ្យលោក យឹម វិចិត្រ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនាថ្មីៗនេះ នៅឯស្រុកសំឡូត។ លោក ថា បច្ចុប្បន្នមន្រ្តីជំនាញ ក៏កំពុងសួរនាំមនុស្សមួយចំនួន ដែលបានដឹងរឿងនេះផងដែរ។
ដោយឡែកជុំវិញករណីលោក យឹម វិចិត្រ អតីតមេញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ រឿងរត់ការឡេីងតំណែងចាស់ខ្លួនវិញនោះ លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃសៅរ៍ទី៥ មិថុនានេះអង្គភាពកាសែតនគរវត្ត និងនគរដ្រេហ្គន បានទូរស័ព្ទទៅលោកចូលចំនួន២ដង ប៉ុន្តែលោកចុចបិទវិញ។
ចំណែកលោក យឹម វិចិត្រ អតីតមេញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ អង្គភាពយេីងព្យាយាមទំនាក់ទនងទៅលោកដែល ប៉ុន្តែមិនអាចទំនាក់ទំនងបាន។ ចំពោះបញ្ហាខាងលេីនេះប្រសិនបើលោក យឹម វិចិត្រ ចង់បកស្រាយអង្គភាពយេីងរង់ចាំការបំភ្លឺ៕ដោយ៖ស តារា