ភ្នំពេញៈ ព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍សិក្សាស្រាវជ្រាវ របស់គណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះ អាងស្ទឺងសែន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ តំណាងដៃគូអភិវឌ្ឍន៍ ដៃគូសហប្រតិបត្តិការ ភ្លៀវកិត្តិយសជាតិ អន្តរជាតិ សរុបជាង ២៥០ រូប ។
មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានរំលឹកថា ដោយមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រទាំងថវិកា និងបច្ចេកទេស ពីទីភ្នាក់ងារទឹក Loire-Bretagne, ទីភ្នាក់ងារទឹក RHIN-MEUSE, ការិយាល័យអន្តរជាតិទទួលបន្ទុកទឹក (Office International de l’ Eau), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះ អាងស្ទឹងសែន បានបំពេញការងារសិក្សាស្រាវជ្រាវរបស់ខ្លួនអស់រយៈពេលជាង ៣ ឆ្នាំ កន្លងរួចមកហើយ ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវពីមួយដំណាក់កាលទៅមួយដំណាក់កាល ត្រូវបានលើកយកមកប្រជុំពិភាក្សា ត្រួតពិនិត្យជាបន្តបន្ទាប់ ។ បច្ចុប្បន្នគណៈកម្មការនេះ បានបញ្ចប់ការសិក្សាស្រាវជ្រាវរបស់ខ្លួនក្នុងដំណាក់កាលទី ២ ដូចនេះ មុននឹងឈានចូលទៅអនុវត្តការងារ នៅដំណាក់កាលទី ៣ ត្រូវមានការពិនិត្យ វាយតម្លៃ លើលទ្ធផលក្នុងដំណាក់កាលទី ២ ជាមុនសិន ។ លោករដ្ឋមន្ត្រី បន្តថា ការគ្រប់គ្រងធនធានទឹក មិនមែនជាការងារសាមញ្ញនោះទេ ជាក់ស្តែងសម្រាប់ស្ទឹងសែនតែមួយ ហើយយើងមានការគាំទ្រទាំងថវិកា និងបច្ចេកទេស ពីអង្គការអន្តរជាតិធំៗ ដែលជំនាញផ្នែកទឹកជាច្រើនផងនោះ គឺក្នុងរយៈពេលជាង ៣ ឆ្នាំ យើងទើបតែដើរមកដល់ពាក់កណ្តាលផ្លូវប៉ុណ្ណោះ ។
លោករដ្ឋមន្ត្រី បន្តថា ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយភាគីបារាំង ក្រសួងធនធានទឹក និងឧតុនិយម ក៏បាន និងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដូចជា ជាមួយភាគីជប៉ុន ភាគីកូរ៉េ ភាគីឥណ្ឌា ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីសក្តានុពលទឹក នៅតាមបណ្តាអាងស្ទឹងមួយចំនួនទៀតផងដែរ ។ គោលបំណងនៃការសិក្សាស្រាវជ្រាវ គឺដើម្បីក្តាប់ឱ្យបាននូវសក្តានុពលទឹកដែលយើងមាន ទាំងទឹកលើដី ទាំងទឹកក្រោមដី ។ កម្ពុជាសំបូរទឹកនៅរដូវវស្សា តែមានការខ្វះខាតនៅរដូវប្រាំង នេះជាស្ថានភាពជាក់ស្តែងរបស់កម្ពុជានាពេលបច្ចុប្បន្ន ។ សូមឱ្យយល់ទាំងអស់គ្នាថា ដើម្បីដោះស្រាយបញ្ហានេះបាន លុះត្រាណាតែយើងឈានទៅគ្រប់គ្រងធនធានទឹកបាន ។ ដើម្បីគ្រប់គ្រងធនធានទឹកបានល្អប្រសើរ លុះត្រាណាតែយើងអាចក្តាប់នូវសក្តានុពលទឹករបស់យើងបានជាមុនសិន ។ ដើម្បីក្តាប់សក្តានុពលទឹកបាន លុះត្រាតែមានការសិក្សាស្រាវជ្រាវ ឱ្យបានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ ហើយបញ្ហានេះ វាទាមទារនូវពេលវេលាមួយសមស្រប ជាក់ស្តែងដូចជាករណីស្ទឹងសែននេះ តើយើងប្រើប្រាស់ពេលវេលាអស់ប៉ុន្មានឆ្នាំហើយ? និងទទួលលទ្ធផលបានដល់កម្រិតណា?
ទន្ទឹមនឹងការសិក្សាស្រាវជ្រាវ រាជរដ្ឋាភិបាល ក៏បានឈានទៅអនុវត្តនូវការគ្រប់គ្រងធនធានទឹកជាបណ្តើរៗ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតូច-ធំ ពិសេសការកសាងនូវអាងទឹកធំៗជាច្រើនកន្លែង ដូចជា អាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ អាងទឹកកំពីងពួយ និងទំនប់ពហុបំណង ក្នុងខេត្តបាត់ដំបង ទំនប់លេខ៣ និងទំនប់លេខ ៥ ក្នុងខេត្តពោធិ៍សាត់ អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ…។ សមិទ្ធផលទាំងអស់នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយជំនន់ផង ផ្តល់ទឹកសម្រាប់ការស្រោចស្រពផង ឬក៏ពេលខ្លះផ្តល់នូវថាមពលអគ្គិសនីថែមទៀត ។
នៅចុងបញ្ចប់លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ និងដៃគូសហប្រតិបត្តិការទាំងអស់ ដែលបានផ្តល់នូវការឧបត្ថម្ភគាំទ្រយ៉ាងកក់ក្តៅ ទាំងបច្ចេកទេស ទាំងថវិកា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលបានបំពេញការងាររបស់ខ្លួន ជាមួយនឹងលទ្ធផលគួរជាទីមោទនៈ ។
ថ្លែងក្នុងបើកកិច្ចប្រជុំនេះដែរ លោក Martin GUTTON អគ្គនាយកទីភ្នាក់ងារទឹក Loire-Bretagne ក្នុងនាមតំណាងឱ្យដៃគូអភិវឌ្ឍន៍ និងដៃគូសហប្រតិបត្តិការ លើគម្រោងសិក្សាស្រាវជ្រាវ អាងស្ទឹងសែន បានលើកឡើងថា ការសិក្សានេះគឺពិតជាមានសារៈសំខាន់ ហើយលោកពេញចិត្តនឹងលទ្ធផលការងារ ដែលក្រុមការងារសម្រេចបាន ។ ក្នុងន័យនេះ ភាគីបារាំង នឹងនៅតែបន្តការឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងថវិកា ដល់ក្រុមការងារ រហូតការសិក្សានេះបានបញ្ចប់ជាស្ថាពរ ៕សុខ ខេមរា