ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ត្រូវពលរដ្ឋទះមួយកំផ្លៀង ពេលលោកចូលទៅកៀកសួរសុខទុក្ខពលរដ្ឋក្នុងពេលបំពេញទស្សនកិច្ច ទៅកាន់ស្រុកមួយនៅភាគអាគ្នេយ៍ប្រទេសបារាំង។ មនុស្សពីរនាក់ត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានបុរសដែលទះកំផ្លៀងប្រធានាធិបតីផងដែរ។
ហេតុការណ៍ដ៏កម្រខាងលើនេះបានកើតឡើងក្នុងពេលដែលលោកម៉ាក្រុង ទៅបំពេញទស្សនកិច្ចនៅតំបន់ Drôme ស្ថិតនៅភាគអាគ្នេយ៍ប្រទេសបារាំង ។ ប្រធានាធិបតីបារាំង បានជួបអ្នកគ្រប់គ្រងភោជនីយដ្ឋាន និងក្រុមនិស្សិតដើម្បីពិភាក្សាស្តីពីដំណើរការសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩ ។ ក្នុងពេលនោះលោកម៉ាក្រុង បានសម្រេចដើរទៅជិតពលរដ្ឋដែលឈរគាំទ្រនៅក្នុងភូមិ Tain-l’Hermitage ។
នៅក្នុងឃ្លីបវីដេអូ ដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា ប្រធានាធិបតីបារាំងពាក់អាវសនិងពាក់ក្រវាត់ក ដើរទៅកាន់ពលរដ្ឋឈរនៅក្រៅរបងដែលកំណត់។ ក្នុងពេលនោះ បុរសម្នាក់ក៏បានទាញលោកម៉ាក្រុងមកកៀក ហើយទះលោកមួយកំផ្លៀង ។
ភ្លាមៗនោះ ក្រុមសន្តិសុខការពារប្រធានាធិបតីបានស្ទុះចូលទៅការពារភ្លាមៗបញ្ជូនប្រធានាធិបតីទៅកាន់កន្លែងផ្សេង ។ វិមាន Elysee (វិមានប្រធានាធិបតី) បានបញ្ជាក់ថា នេះជាការខិតខំវាយប្រហារទៅលើប្រធានាធិបតី។ មូលហេតុនៃការទះកំផ្លៀងប្រធានាធិបតីនៅមិនទាន់ដឹងនៅឡើយទេ ហើយមនុស្សពីរនាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ៕ ដោយ៖ធីរីណា
https://youtu.be/T5mh0N5YUys