ខេត្តកំពង់ចាម ៖ អាជ្ញាធរស្រុកស្រីសន្ធរនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ បានចុះបិទខ្ទប់បណ្ដោះអាសន្នផ្ទះប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩ ក្នុងឃុំចំនួន ៥ឃុំ រួមនិងបិទខ្ទប់ផ្សារព្រែករំដេង ហើយបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីពិនិត្យសុខភាព ។ នេះយើងយោងតាមប្រភពពីអង្អភាពមន្ទីរព័ត៌មានខេត្តកំពង់ចាម បញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
អង្អភាពមន្ទីរព័ត៌មានខេត្តកំពង់ចាម បានបន្តថា , អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ លោក ស៊ីម គង់ បានឲ្យដឹងថា ក្រុមការងារស្រុកស្រីសន្ធរ បានចុះធ្វើការគ្រប់គ្រងនិងបិទខ្ជប់ជាបណ្តោះអាសន្ននូវផ្ទះប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ ១៩ និងប្រជាពលរដ្ឋដែលអាជ្ញាធរស្រុក ឃុំ តម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ស្ថិតនៅឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែករំដេង ឃុំព្រែកពោធិ៍ ឃុំប្រាំយ៉ាម និងឃុំស្វាយពោធិ៍ និងបិទខ្ទប់ផ្សារព្រែករំដេង ឃុំព្រែករំដេង រហូតដល់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។
លោកអភិបាលស្រុកបានឲ្យដឹងទៀតថា នៅថ្ងៃដដែលនេះ លោកបានអនុញ្ញាតឱ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រីសន្ធរ បន្តស្រាវជ្រាវ រកមុខសញ្ញាដែលពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ ក្នុងនោះរកឃើញប្រជាពលរដ្ឋ មានទាក់ទងនិងអ្នកវិជ្ជមានកូវីដ19 ឈ្មោះ ប៊ូ ទ្បុងហ៊ួរ ចំនួន ៦៨នាក់ និងរកឃើញ១៤នាក់ មានវិជ្ជមានកូវីដ ១៩ និងប្រជាពលរដ្ឋភូមិទូរ៉ី ០៤នាក់ រកឃើញ ១នាក់មានវិជ្ជមានកូវីដ១៩ សរុបអាជ្ញាធរស្រុកបានរកឃើញមនុស្ស ១៥នាក់ មានវិជ្ជមានកូវីដ១៩ ។
បច្ចុប្បន្នទាំង ១៥នាក់ ខាងអាជ្ញាធរ បានបញ្ជូនទៅព្យាបាលនៅមន្ទីរខេត្តកំពង់ចាម ចំណែកអ្នកពាក់ព័ន្ធមួយចំនួន តម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះដោយអាជ្ញាធរ បិទខ្ទប់ផ្ទះ។
សូមបញ្ជាក់ថា, អាជ្ញាធរខេត្តកំពង់ចាម សម្រេចបន្តសុពលភាព នៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ២ សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមិថុនា ២០២១ ។
យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០-កុម្ភៈ- នៅ មិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុង ខេត្តកំពង់ចាម រដ្ឋបាលខេត្ត សូមបន្តសុពលភាពនៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ឬខ្នងផ្ទះ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមាន កូវីដ-១៩ ដោយត្រូវបន្តសុពលភាពនៃការអនុវត្តរយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១១ -២៤ ខែមិថុនា ឆ្នាំ២០២១ និងសូមធ្វើការណែនាំដល់គណៈបញ្ជាការឯកភាព, រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាព ពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម លេខ០១១/២១ស.ណ.ន ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ស្តីពីការបន្តពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរក ឃើញ ប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ក្នុងនោះ ត្រូវផ្អាកជាបណ្តោះអាសន្ន៕
ដោយ, សិលា