រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកបន្ថែមដើម្បីពង្រឹងត្រួតពិនិត្យសុខភាពអ្នកដំណើរចូលកម្ពុជា ដោយធ្វើតេស្តអង់ទីហ្សែនរហ័ស

ចែករំលែក៖

ភ្នំពេញ, លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥។

កម្មវត្ថុ៖ ការក្រើនរំលឹកបន្ថែមដើម្បីពង្រឹងការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលមកកម្ពុជា ដោយធ្វើតេស្ត អង់ទីហ្សែនរហ័ស។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈ អភិបាលរាជធានី-ខេត្តទាំងអស់ជ្រាបថា ដើម្បីពង្រឹងការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលមកកម្ពុជា តាមច្រក ព្រំដែនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវធ្វើតេស្តអង់ទីហ្សែនរហ័សឲ្យបានម៉ឺងម៉ាត់។ អ្នកជំងឺដែលមាន វិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ចំណែកអ្នកដំណើរផ្សេងទៀត ដែលរួមដំណើរ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

អភិបាលខេត្តនៅតាមព្រំដែនថៃ និងវៀតណាម ត្រូវប្រជុំជាមួយសមភាគីថៃ ឬវៀតណាម ដើម្បីស្នើសុំ កិច្ចសហការក្នុងការពង្រឹងការធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនដល់ពលករ និងប្រជាជនទូទៅមុននឹងអនុញ្ញាតឲ្យ មកកម្ពុជាវិញ។
អាស្រ័យហេតុនេះ សូម លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
សូមលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទទួលនូវការរាប់អានដ៏
ជ្រាលជ្រៅពីខ្ញុំ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print