អាជ្ញាធរខេត្តឧត្តរមានជ័យ ប្រកាសរកឃើញករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៦៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ, នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ឧត្ដរមានជ័យ មេត្តាជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកឈក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១:១៥នាទីព្រឹក បុរសខាងលើនេះ ត្រូវបានបញ្ជូនមកសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងស្ថានភាពសន្លប់ស្តូកស្តឹងបាត់ស្មារតី ហើយក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះបន្ទាន់ តាមបច្ចេកទេស ប៉ុន្តែមិនទទួលបានជោគជ័យ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង ១៣:០០នាទីរសៀលថ្ងៃខែឆ្នាំដដែល។ ក្រោយពេលស្លាប់ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ត (Rapid Test) ទទួលបានលទ្ធផលបញ្ជាក់ វិជ្ជមានកូវីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៦៣ឆ្នាំខាងលើ គឺបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ វ៉ៃលុកលឿន ធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ខ្សោយសួតខ្លាំងពេក។ រដ្ឋបាលខេត្តឧត្តរមានជ័យ សូមចូលរួមចំណែកសោកស្តាយជាអនេក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមកំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print