ភ្នំពេញ, អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា មានការសោកស្តាយយ៉ាង ក្រៃលែង ចំពោះសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែល បានចោទប្រកាន់ថា មន្ត្រីយោធាកម្ពុជាពុំបានផ្ដល់ភាពពេញលេញដល់ដំណើរទស្សនកិច្ចរបស់ អនុព័ន្ធយោធាអាមេរិកទៅកាន់មូលដ្ឋានសមុទ្ររាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការពារជាតិ សូមធ្វើការបំភ្លឺដល់សាធារណមតិជាតិ និងអន្តរជាតិ ដូច តទៅ៖
ក្រសួងការពារជាតិបានយកចិត្តទុកដាក់ រៀបចំឲ្យមានដំណើរទស្សកិច្ចដូចបានពោល ខាងលើ តាមសេចក្ដីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសន្យាជាមួយលោក Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ និងស្រប តាមសំណើរបស់អនុព័ន្ធយោធាអាមេរិកនៅកម្ពុជា លោកវរសេនីយ៍ឯក Marcus Ferrara។
នៅក្នុងអំឡុងពេលទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ក្រុមការងារសម្របសម្រួល បាន ព្យាយាមបំពេញបំណងរបស់ប្រតិភូអាមេរិក ដោយអនុលោមទៅតាមគោលការណ៍ដែលបាន កំណត់ និងការព្រមព្រៀងគ្នា។ សកម្មភាពសំខាន់ៗមួយចំនួន រួមមាន ជំនួបពិភាក្សាការងារ ដែលស្នើដោយភាគីអាមេរិក មានរយៈពេលជាងមួយម៉ោង ការចុះទៅពិនិត្យមើលអាគារសង់ថ្មី ពីរខ្នងសម្រាប់ការស្នាក់នៅរបស់កម្មករសំណង់ ដំណើរពិនិត្យមើល និងនាវា របស់កងទ័ព ជើងទឹក ការទស្សនារោងជាងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ និងការធ្វើដំណើរទៅពិនិត្យមើលសំណង់ទីបញ្ជាការជួរមុខរបស់ គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅកោះព្រាប។ ដំណើរទស្សនកិច្ចទាំងមូល ដែលចាប់ផ្តើមពីម៉ោង៩ កន្លះ បានអូសបន្លាយអស់រយៈពេលប្រមាណ៣ម៉ោង។
តែទោះជាដូច្នេះក្តី ក្រៅពីទីកន្លែងទាំងប៉ុន្មានខាងលើ ដែលបានស្នើ និងបានឯកភាពគ្នា ភាគីអាមេរិកបានបង្កើតស៊ីណារីយ៉ូថ្មីភ្លាមៗ ដោយទាមទារចូលទៅមើលកន្លែងផ្សេងទៀត ដែល ពុំមានការស្នើសុំពីមុនមក។ ដោយមើលឃើញភាពមិនប្រក្រតី និងយល់ឃើញអំពីការមិនគោរព ចំពោះអធិបតេយ្យរបស់កម្ពុជា និងចេតនាធ្វើជាមិនយល់អំពីលក្ខណ៍ការណ៍របស់កងទ័ព ក្រុម ការងារបានបដិសេធចំពោះសំណើថ្មីនេះ។ លើសពីនេះទៅទៀត អនុព័ន្ធយោធាអាមេរិក ហាក់ បង្ហាញអំពីភាពមានៈ នៅក្នុងការជំនះចូលទៅកាន់ទីនោះ ប៉ុន្តែនៅតែមិនត្រូវបានអនុញ្ញាតិ។
ផ្អែកលើកត្តាទាំងអស់ខាងលើ ក្រសួងការពារជាតិ ចាត់ទុកប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិក ជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត ដែលនាំឲ្យមានភាពល្អក់កករកាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិ ចាត់ទុកចំណាត់ ការរបស់ក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច ថាមានភាពត្រឹមត្រូវ និងប្រកបដោយ វិជ្ជាជីវៈ ក្រសួងការពារជាតិស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់ការបង្កើតស៊ី ណារីយ៉ូថ្មីៗ ដែលនាំមកនូវភាពអវិជ្ជមាន និងសូមឲ្យគោរពដល់អធិបតេយ្យ និងលក្ខណការណ៍ កងទ័ព របស់ព្រះរាជាណាចក្រកម្ពុជា។ ចំពោះសំណើធ្វើទស្សនកិច្ចនាពេលអនាគត ក្រសួង ការពារជាតិនឹងពិចារណាយ៉ាងហ្មត់ចត់ តាមករណីនីមួយៗ។ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិសូមបញ្ជាក់ថា សកម្មភាពទាំងឡាយនៅក្នុងបរិវេណមូលដ្ឋានកងទ័ព ដែល បានទទួលការអនុញ្ញាតិ គឺជាការធ្វើទស្សនកិច្ច ពុំមែនជាការទៅធ្វើការត្រួតពិនិត្យ ឬឆែកឆេរ នោះឡើយ៕
ដោយ, សុខ ខេមរា