ខេត្តព្រះវិហារ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបោះជំហានចូលទៅក្នុងទីផ្សារលក់ឥណទានកាបូនដោយស័្មគ្រចិត្តកន្លងមក និងបន្តសិក្សាបន្ថែមទៀត គឺបញ្ជាក់ពីភាពប្រសើរឡើង នៃកិច្ចការពារតំបន់ធម្មជាតិរបស់កម្ពុជា។
ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថាទីផ្សារនេះ គឺពិតជាមានសារសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង ដែលការបោះជំហានទៅក្នុងទីផ្សារឥណទានកាបូន គឺបញ្ជាក់ពីភាពប្រសើរឡើងនៃកិច្ចការពារតំបន់ធម្មជាតិរបស់យើង»។
មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា ក្រសួងបរិស្ថាន ដែលបានយុត្តាធិការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ នៅលើផ្ទៃដី ៧លាន ៣សែនហិកតា ក្នុងតំបន់ការពារធម្មជាតិជាង ៧០កន្លែង នៅកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការពង្រឹងទៅលើយុទ្ធសាស្ត្រ វិធីសាស្ត្រ ក្នុងការពារព្រៃឈើតាមរយៈការពង្រឹងសមត្ថភាព របស់មន្ត្រីឧទ្យានុរក្ស ការចូលរួមរបស់សហគមន៍ ការពង្រឹងភាពជាដៃគូរ ជាមួយនឹងអង្គការដៃគូរ ដើម្បីឈានឆ្ពោះទៅរកប្រសិទ្ធភាពនៃការពារ និងអភិរក្សធនធានធម្មជាតិ។
លោក នេត្រ ភក្ត្រា បានបន្តថា៖ «ភាពប្រសើរឡើងនៃការការពារធនធានធម្មជាតិ របស់យើងនេះ គឺបានផ្តល់ឱកាសមកឱ្យយើងក្នុងការរៀបចំការលក់ឥណទានកាបូន ហើយការលក់ឥណទានកាបូននេះទៀតសោធ បានបង្ហាញពីភាពប្រសើរឡើង នៃការការពារអភិរក្ស ហើយថវិកាដែលយើងបានមកនេះយើងបានប្រើប្រាស់ពីមុខព្រួញ គឺទី១៖ ទៅលើការពង្រឹងលើការអភិរក្ស មានន័យថា យើងយកព្រៃឈើចិញ្ចឹមព្រៃឈើ និងទី២៖ ផលដែលទទួលមកគឺយើងផ្តល់ ការចូលរួមការអភិវឌ្ឍសហគមន៍ នៅក្នុងតំបន់ការពារធម្មជាតិ ដែលរស់នៅក្នុងតំបន់ និងរស់នៅជុំវិញតំបន់ការពារធម្មជាតិ»។
ជុំវិញការរៀបចំលក់កាបូន នៅក្នុងតំបន់អភិរក្សនេះដែរ លោកបានបញ្ជាក់ថា គោលសំខាន់ គឺការកសាងរបងបៃតង ការពារតំបន់ធម្មជាតិ មានន័យថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារធនធានធម្មជាតិ មិនមានជីវភាពធូរធានោះទេ គឺនៅតែបង្កឱ្យមានសម្ពាធលើធនធានធម្មជាតិ ដូច្នេះ ថវិកាដែលទទួលបានពីការលក់កាបូន គឺមួយផ្នែកសម្រាប់ការអភរក្ស និងមួយផ្នែកទៀតសម្រាប់ផ្តល់នូវការអភិវឌ្ឍដល់ប្រជាសហគមន៍ តាមរយៈការផ្តល់ថវិកាជូនប្រជាសហគមន៍។
លោកបានរំឮកឡើងថា ជាក់ស្តែងអត្ថប្រយោជន៍នៃគម្រោងរេដបូក នៅដែនជម្រកសត្វព្រៃកែវសីមា បានផ្តល់ផលប្រយោជន៍ទៅដល់ភូមិចំនួន២០ ដែលក្នុងមួយភូមិៗបានទទួលថវិកាចន្លោះពីជាង ១០,០០០ដុល្លារ ក្នុងមួយឆ្នាំ។ គម្រោងរេដបូកបានផ្តល់ផលប្រយោជន៍៖ កាត់បន្ថយការបាត់បង់ព្រៃឈើ កាត់បន្ថយការបាត់បង់ជីវៈចម្រុះ អភិវឌ្ឍជីវភាពរបស់សហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់ថវិកាបែងចែកផលប្រយោជន៍គម្រោងរេដបូក សម្រាប់បំពេញបន្ថែមទៅក្នុងថវិកានៃផែនការវិនិយោគឃុំ។ គម្រោងរេដបូកនេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អនុវត្តនូវគម្រោងរេដបូក (REDD+) នៅតំបន់ការពារធម្មជាតិចំនួន៤ នៅលើដីនៃខេត្តព្រះវិហាររួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង។ តំបន់ទាំង៤ ដែលត្រូវសិក្សានេះ ត្រូវបានយកគំរូចំនួន ៤៣ទីតាំង ដើម្បីធ្វើការសិក្សាវាយតម្លៃ ដើម្បីឱ្យមន្ត្រីជំនាញផ្សេងទៀតវាយតម្លៃ មុននឹងដាក់លក់នៅលើទីផ្សារអន្តរជាតិ ដែលជាទីផ្សារស្ម័គ្រចិត្ត។
បើតាមលោក កែន សេរីរដ្ឋា នាយកកម្មវិធីរបស់អង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) បានឱ្យដឹងថា គម្រោងរេដបូក ដែលយើងរៀបចំនៅភូមិភាគខាងជើង ដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួន ដែលយើងចាប់ផ្តើមពីតំបន់ការពារសត្វព្រៃឆែប ដែលជម្រកសត្វព្រៃព្រះរកា ដែលជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះ គឺជាជំហានបឋម ដើម្បីឱ្យយើងអាចឈានទៅពង្រីកការគ្របដណ្តប់វិសាលភាព នៃផ្ទៃដីគម្រោងរេដបូក សម្រាប់ភូមិសាស្ត្រខេត្តព្រះវិហារទាំងមូល»។
លោក កែន សេរីរដ្ឋា បានបន្តថា សម្រាប់គម្រោងរេដបូកនេះ គឺទទួលបានការគាំទ្រផ្នែកគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការបច្ចេកទេស ដោយបានផ្តល់នូវកិច្ចគាំទ្រទៅលទិដ្ឋភាពផ្លួវច្បាប់ និងបច្ចេកទេសសម្រាប់ធ្វើលើកិច្ចការងារនេះ។ បន្ថែមនេះ អង្គការ WCS បានទទួលជំនួយពីគម្រោង USAID តាមរយៈគម្រោងព្រៃឡង់បៃតង សម្រាប់ជួយឧបត្ថម្ភប្រើប្រាស់នូវថវិកា ក្នុងការដំណើរការទូទៅនេះជាដើម។
លោកបានបន្ថែមថា ការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តកម្ពុជា ដែលទទួលបានជោគជ័យកន្លងមក និងជាមោទនភាពមួយរបស់កម្ពុជា ដែលយើងបានចូលរួមជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា ជាប្រទេសមួយដែលបានឈានមុនគេក្នុងការលក់ឥណទានកាបូន។
លោកបានគូសបញ្ជាក់ថា នេះជាមោទភាពមួយដែលកម្ពុជា ពីមុនត្រូវរងការរិះគន់ ពីសំណាក់មហាជនមួយចំនួនថា កម្ពុជា ជាតំបន់មួយដែលបាត់បង់ព្រៃឈើ តាមការកាប់បំផ្លាញព្រៃឈើ។ល។ និង ។ល។ ដូច្នេះ តាមរយៈការតាំងនេះរបស់កម្ពុជាលើកិច្ចការពារព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការការពារព្រៃឈើរបស់ខ្លួន។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅទស្សនា និងស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ រយៈពេល២ ថ្ងៃគឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយពីធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃនៅកម្ពុជា រួមទាំងកិច្ចការថែរក្សា អភិរក្សធនធានធម្មជាតិនៅកម្ពុជា របស់ក្រសួងបរិស្ថាន និងអង្គការដៃគូ៕
ដោយ, សិលា