ក្នុងត្រីមាសទី៤​ ឆ្នាំ២០២១នេះ!​ ថៃ​ នឹងទទួល​បានការចាក់វ៉ាក់សាំងកូវីដ-១៩​ លើកុមារអាយុពី១២ ដល់១៨ឆ្នាំ​ ក្រុម​ហ៊ុន​អាមេរិក​Pfizer

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) រដ្ឋមន្រ្តីសុខាភិបាលថៃ​ បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា៖ នៅត្រីមាសទី៤ នៃឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលថៃ​ មានគោលបំណងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ក្រុមប្រជាជនវ័យក្មេងរបស់ខ្លួនដែលមានអាយុចន្លោះពី ១២-១៨ឆ្នាំ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដែលត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសថៃ។

លោករដ្ឋមន្រ្តីសុខាភិបាលថៃ​រូបនេះ​ បានគូសបញ្ជាក់ថា៖ «DDC ឥឡូវនេះ កំពុងធ្វើការជាមួយសាលារៀន ដើម្បីបង្កើតយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ក្រុមសិស្សានុសិស្សវ័យក្មេង ទាំងអស់។ មានប្រជាជនវ័យក្មេងប្រហែល ៥លាននាក់នៅក្នុងក្រុមអាយុនេះ ហើយវ៉ាក់សាំងចំនួន ២០លានដូសដែលយើងនឹងទិញ គួរតែមានភាពងាយស្រួលក្នុងការផ្ដល់ជូនដល់ក្រុមអ្នកទាំងនេះហើយ»។

បន្ថែមពីនេះ​ លោក Anutin បានបញ្ជាក់ថា «ក្រុមហ៊ុនផលិតឱសថចិន Sinovac ក៏គ្រោងនឹងចុះបញ្ជីវ៉ាក់សាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់លើក្រុមកុមារដែលមានអាយុចាប់ពី ៣ឆ្នាំ ឡើងទៅផងដែរ។ នៅពេលការចុះបញ្ជីត្រូវបានបញ្ចប់ យើងនឹងចាក់ជូនដល់ក្រុមកុមារនៅក្នុងក្រុមអាយុនេះភ្លាមៗ ពីព្រោះយើងមានវ៉ាក់សាំងរួចអស់ហើយ»។

ដោយឡែក​បេីតាមការ​បញ្ជាក់ពី​នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថៃ ហៅកាត់ថា DDC កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចសន្យាជាលើកដំបូងជាមួយក្រុមហ៊ុន Pfizer ដែល អនុញ្ញាតឱ្យក្រុមហ៊ុននេះបញ្ជូនឯកសារ ដើម្បីចុះបញ្ជីវ៉ាក់សាំងជាមួយរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) ដែលក្រសួងសុខាភិបាលថៃរំពឹងថា នឹងទិញវ៉ាក់សាំងរបស់ក្រុមហ៊ុននេះចំនួន ២០លានដូសនៅក្នុងឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា​ ប្រទេសថៃ​ ដែលមានប្រជាជនសរុបជិត ៧០លាននាក់​ រហូតមកទល់ពេលនេះ​ បានចាក់វ៉ាក់សាំងបង្កាជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនសរុប ៥.៦៧លានដូសហើយ ក្នុងនោះមានប្រជាជន ១.៥២លាននាក់ បានចាក់គ្រប់ដូស (ស្មើនឹង ២.២%នៃចំនួនប្រជាជនសរុប)៕ដោយ​៖ស​ តារា​

...

រូបថត​៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print