អគ្គនាយកអន្តោប្រវេសន៍ ស្នើភាគីចិនឲ្យពិចារណាអំពីការសម្របសម្រួលក្នុងការពន្លឿនការបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យខុសច្បាប់ត្រឡប់ទៅប្រទេសចិនវិញ

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានស្នើភាគីចិនឲ្យពិចារណាអំពីការសម្របសម្រួលក្នុងការពន្លឿនការបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យទាំងនោះត្រឡប់ទៅប្រទេសចិន។​ ការ​លើក​ឡើង​បែប​នេះ​ របស់អគ្គនាយកអន្តោប្រវេសន៍​ បានធ្វេីឡេីងក្នុងជំនួបលោក​ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងក្រសួងសន្តិសុខសាធារណ:ចិន ដែលដឹកនាំដោយ លោក Wu JianMin អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាប្រធានតំណាងភាគីចិន នៃការិយាល័យសម្រសម្រួលអនុវត្តច្បាប់ចិន​ និងកម្ពុជា​នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានខិតខំអនុវត្ត និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ លើការងារបង្ការ និងទប់ស្កាត់បទល្មើសដែលបានបង្កឡើងដោយជនជាតិចិន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិននៅកម្ពុជា នាពេលកន្លងមក។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងអំណរគុណភាគីចិន ដែលតែងតែយកចិត្តទុកដាក់ និងជួយដល់កម្ពុជា ទាំងសម្ភារៈបច្ចេកទេស និងបរិក្ខារពេទ្យ ក្នុងការបង្ការ និងទប់ស្កាត់ជម្ងឺ Covid-19 ដល់ស្ថាប័នជាតិគ្រប់ជាន់ថ្នាក់ នាពេលកន្លងនេះ ។

ក្នុងជំនួបពិភាក្សានេះ លោកអគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ដោយផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អ នាពេលកន្លងមកនេះ លោកក៏បានស្នើឲ្យភាគីចិនពិចារណាអំពីការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍ចិន លើការងារបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដោយស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណ:ចិន។

ទន្ទឹមនឹងនេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានលើកឡើងផងដែរ អំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងចំនួនដ៏ច្រើននៃជនល្មើស និងជនសង្ស័យជាជនជាតិចិន កំពុងត្រូវបានឃាត់ខ្លួននៅស្នាក់ការត្រៀមបណ្តេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលកំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែន ហើយ។

ដោយឡែក​ជាការឆ្លើយតបសំណើខាងលើនេះ លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានទទួលយក និងធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈចិន ដើម្បីជ្រាប និងពិចារណាអំពីដំណោះស្រាយ កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print