ខេត្តកំពង់ចាម, ដោយទទួលបានការណែនាំពីលោករដ្ឋមន្រ្តី និងទទួលបានជំនួយឧបត្ថម្ភហិរញ្ញវត្ថុពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិក (CIAT) នាយកដ្ឋានដំណាំឧស្សាហកម្ម បានអនុវត្តគម្រោងមួយស្តីពី “ដំណោះស្រាយប្រកបដោយចីរភាពលើជំងឺដំណាំដំឡូងមីនៅតំបន់អាស៊ីអាគ្នេយ៍” មានរយៈពេល ០៤ឆ្នាំ (២០២០-២០២៣) ដោយអនុវត្តនៅខេត្តចំនួន១៤។ ព័ត៌មានពិស្តារស្តីពីលទ្ធផលពិសោធន៍ ស្រាវជ្រាវ បានជម្រាបជូនរួចហើយនៅក្នុងទំព័រ Facebook របស់លោករដ្ឋមន្រ្តីកាលពីថ្ងៃទី១៧ ខែមិថុនាកន្លងមក។
បេសកកម្មចុះមកកសិដ្ឋានផ្ទាល់របស់លោករដ្ឋមន្រ្តីនៅរសៀលថ្ងៃនេះ គឺ៖
ទី១- លើកទឹកចិត្តដល់ក្រុមការងារដែលបានខិតខំធ្វើការសិក្សាពិសោធន៍ ស្រាវជ្រាវអំពីជំងឺឆ្លងដំឡូងមីពីរប្រភេទគឺជំងឺឆ្លងម៉ូសាអិច (CMD) និងជំងឺកញ្ចុំស្លឹក (CWBD) ដែលកំពុងឆ្លង និងរីករាលដាលលើផលិតកម្មដំឡូងមីនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។
ទី២- ផ្តល់ការណែនាំបន្ថែមលើការងារពិសោធន៍ស្រាវជ្រាវរកពូជដំឡូងមីថ្មីដែលធន់នឹងជំងឺនេះ។ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានជម្រាបជូនលោករដ្ឋមន្រ្តី ថា បច្ចុប្បន្នកសិដ្ឋានបានធ្វើការដាំដុះពង្រីកពូជបាន ១៣៥ហត សម្រាប់ធ្វើការផ្គត់ផ្គង់ដល់ប្រជាកសិករ។ សំខាន់ជាងនេះ គម្រោងបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បាននិងកំពុងសាកពិសោធន៍ដោយធ្វើការបណ្តុះកូនពូជជាលក្ខណៈជាលិកា (Tissus culture) រួចយកទៅដាំក្នុងផ្ទះសំណាញ់ចំនួន០៤ បន្ទាប់មកកាត់យកពូជចេញពីផ្ទះសំណាញ់ទៅដាំពង្រីកពូជនៅលើទីវាលចំនួន៤ហិកតា និងបន្ទាប់មក យកទៅពង្រីកលើផ្ទៃដី បានចំនួន ៤០ហិកតា។ តាមរយ:វិធីសាស្រ្តពង្រីកពូជថ្មីនេះ អគ្គនាយកដ្ឋានកសិកម្មសង្ឃឹមថា ពូជដំឡូងមីថ្មីដែមានលក្ខណៈធន់នឹងជំងឺទាំងពីរប្រភេទ ផ្តល់ផលិតភាពផលិតកម្មខ្ពស់ មានកម្រិតជាតិម្សៅច្រើន នឹងរីករសាយភាយដល់ដៃប្រជាកសិករក្នុងពេលអនាគតដ៏ខ្លី។
លោករដ្ឋមន្ត្រីសុំឲ្យកសិដ្ឋាន សហការជាមួយវិស័យឯកជន និងម្ចាស់ចម្ការធំៗ នៅក្នុងតំបន់នេះ ដើម្បីពង្រីកពូជឲ្យបានលឿន តាមរយ:អនុវត្តវិធីសាស្រ្តស្រាវជ្រាវដូចដែលយើងកំពុងអនុវត្ត នៅពេលនេះ ធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយពូជដំឡូងមីថ្មីនេះបានដល់ដៃប្រជាកសិករបានកាន់តែលឿន ទាន់ពេលរដូវដាំដុះនៅឆ្នាំបន្តបន្ទាប់៕
ដោយ, សិលា