ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៍មាន លោក ខៀវ កាញារិទ្ធ នៅល្ងាចថ្ងៃសៅរ៍ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានសរសេរបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ថា៖ អ្នកណាបង្កើតម៉ាស់អនាម័យ ? គេតែងគិតថាម៉ាស់អនាម័យត្រូវបានបង្កើតឡើងដោយគ្រូពេទ្យបស្ចឹមប្រទេស។ តាមពិតអ្នកដែលបង្កើតម៉ាស់អនាម័យនេះ គឺជាគ្រូពេទ្យចិនម្នាក់ឈ្មោះ វូលាងតិ ( Wu Lien Teh )។
នៅចុងឆ្នាំ ១៩១០ នៅភាគឦសាននៃប្រទេសចិន ជម្ងឺពិសប៉េស្ត (bubonic plague) បានផ្ទុះឡើងនិងរាតត្បាតរហូតដល់ទីក្រុង ហាប៊ិន (Harbin) ធ្វើអោយមនុស្សរាប់សែននាក់បានបាត់បង់ជីវិត ។ រាជការឈិញ បានចាត់តាំងគ្រូពេទ្យល្បីៗជាច្រើនជាបរទេស និង ចិន ដើម្បីរកមធ្យោបាយកម្ចាត់រោគរាតត្បាតនេះ ក្នុងនោះមានវេជ្ជបណ្ឌិត វូលាងតិ ផងដែរ។
ក្រោយពីការអង្កេត លោក វូលាងតិ បានសន្និដ្ឋានថា ជម្ងឺនេះឆ្លងតាមផ្លូវដង្ហើម ហើយណែនាំអោយប្រើម៉ាស់។ ក្នុងពេលនោះ មានគ្រូពេទ្យបស្ចឹមប្រទេសម្នាក់បានចំអកអោយ ដោយនិយាយថា «អាចិននេះ និយាយបានតែផ្តាស» ហើយបន្តពិនិត្យរោគដោយមិនប្រើម៉ាស់អ្វីទាំងអស់។ ប៉ុន្មានពេលក្រោយមក គ្រូពេទ្យបស្ចឹមប្រទេសនោះឆ្លងជម្ងឺស្លាប់ទៅ ឯគ្រូពេទ្យ វូលាងតិ ដែលប្រើម៉ាស់នៅតែបន្តការងារលោកដោយមិនមានការប៉ះពាល់អី ដែលនាំអោយគេមានជំនឿលើការយល់ឃើញរបស់លោក។
គួរបញ្ជាក់ថា វេជ្ជបណ្ឌិត វូលាងតិ ជាកូនរបស់ជនជាតិចិនដែលទៅរស់នៅក្នុងខេត្តប៉េណាំង ប្រទេសម៉ាឡាយូ និង ជាជនជាតិចិនដ៏កម្រនៅក្នុងប្រទេសនេះដែលទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតពីប្រទេសអង់គ្លេស ក្រោយមកលោកត្រូវបានតែងតាំងជាអគ្គនាយករងនៃសាលាយោធភូមិន្ទ ក្បែរក្រុងប៉េកាំង៕ដោយ៖សហការី
ប្រភពពី៖ហ្វេសប៊ុករបស់លោក ខៀវ កាញារិទ្ធ