ភ្នំពេញ, នៅព្រលប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លើផេកផ្លូវការ លោក ហ៊ុន ម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, កាលពី៤៤ឆ្នាំមុន ពេលវេលានេះ ជាពេលវេលាដ៏ឈឺចាប់ និងជូរចត់រកអ្វីប្រៀបផ្ទឹមពុំបាន ដែលបុរសម្នាក់ត្រូវធ្វើការសម្រេចចិត្តដ៏លំបាកបំផុតក្នុងការចេញដំណើរទៅធ្វើបេសកកម្មមួយដែលបានស្រោចស្រង់អាយុជីវិតប្រជាជន និងប្រទេសពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ គឺនៅពេលនោះហើយ ដែលបុរសម្នាក់នោះត្រូវទុកប្រពន្ធ និងកូនជាទីស្រលាញ់ស្មើរកែវភ្នែក និងបេះដូងដែលមិនទាន់បានឃើញពន្លឺថ្ងៃផង ដើម្បីទៅស្វែងរកការសង្រ្គោះជាតិនៅក្នុងកាលៈទេសៈ និងភាពប្រថុយប្រថានខ្ពស់បំផុត។ ការចាប់ផ្តើមដំណើរឆ្ពោះទៅការសង្រ្គោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនា ១៩៧៧ គឺជាការចាប់ផ្តើមនៃចលនាតស៊ូមួយ គួបផ្សំនឹងចលនាតស៊ូនានាដើម្បីផ្តួលរំលំក្រុមខ្មែរក្រហម និងបញ្ចប់ការកាប់សម្លាប់ ប្រល័យពូជសាសន៍ ទារុណកម្ម និងរបបទាសភាព ហើយផ្តល់ជូនប្រជាជនមកវិញនូវការរស់រានមានជីវិតសារជាថ្មី ជីវភាពថ្លៃថ្នូរ ព្រមទាំងដំណើរស្វែងរកសន្តិភាពយូរអង្វែងមួួយ។
លោកបានបន្តថា, ក្នុងការចងចាំនេះ គឺបានបង្កប់នូវអនុស្សាវរីយ៍ជាច្រើនសម្រាប់សម្តេចតេជោក្នុងនាមជាបុគ្គលផ្ទាល់ ដែលបានឆ្លងកាត់នូវពេលវេលាដ៏លំបាក និងអាក្រក់បំផុតក្នុងជីវិតរបស់លោក។ ការឈឺចាប់សែនវេទនានេះ កាន់តែធ្វើឱ្យលោកពិបាកទ្វេដងក្នុងការខាំមាត់សង្កត់ចិត្ត អត់ទ្រាំនឹងទង្វើដ៏ព្រៃផ្សៃទាំងឡាយដែលខ្លួនលោកផ្ទាល់ និងគ្រួសារដែលជាជនរងគ្រោះមួយក្នុងចំណោមក្រុមគ្រួសាររាប់លានផ្សេងទៀត បានជួបប្រទះ ដើម្បីផ្តោតស្រួចឆ្ពោះទៅការផ្តួលរលំរបបឃោឃៅមួយនេះ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនជាទីស្រលាញ់ដ៏ជ្រាលជ្រៅបំផុតរបស់លោក។
ដោយសារការតាំងចិត្ត លះបង់ខ្ពស់ និងភាពវៃឆ្លាតក្នុងការក្តាប់សភាពការណ៍ទាំងក្នុង និងក្រៅប្រទេស ទើបបេសកកម្មដ៏សែនគ្រោះថ្នាក់ និងស្ទើរតែគ្មានសង្ឃឹមពីពេលចាប់ផ្តើម បានប្រែក្លាយទៅជាចលនារំដោះជាតិមាតុភូមិ ដែលបាននាំមកនូវការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ថ្ងៃ២ ធ្នូ ១៩៧៨ និងដែលនាំទៅដល់ជ័យជំនះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩។ ផ្តើមចេញពីថ្ងៃ២០ មិថុនា ១៩៧៧ នោះហើយ ដែលដំណើរកម្ពុជាបានចាប់ផ្តើមវិលកង់ក្នុងជំហានស្វាហាប់ និងក្នុងតម្រាយផ្លូវភ្លឺស្វាងក្នុងការបង្របង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ប្រែក្លាយកម្ពុជាពីគំនរផេះផង់ និងភាពខ្ទេចខ្ទាំ ឆ្ពោះទៅរកកោះសន្តិភាព វឌ្ឍនភាព និងវិបុលភាព ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីៗដែលយើងបានឃើញ និងកំពុងរស់នៅក្នុងសព្វថ្ងៃ គឺកើតចេញពីការសម្រេចចិត្ត និងដាក់ចេញនូវទស្សនវិស័យច្បាស់លាស់របស់មេដឹកនាំកម្ពុជា ដែលកំពុងកាន់ចង្កូតនាវាយើងសព្វថ្ងៃនេះ។
សន្តិភាព គឺពិតជារតនសម្បត្តិដ៏មានតម្លៃវិសេសវិសាលមិនត្រឹមតែចំពោះថ្នាក់ដឹកនាំ និងយុទ្ធជននាសម័យកាលមុនប៉ុណ្ណោះទេ។ តែវារិតតែមានតម្លៃសម្រាប់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយរបស់កម្ពុជាថែមទៅទៀត។ ការរក្សាឱ្យបាននូវសុខសន្តិភាព គឺជាកាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់បំផុតរបស់កូនខ្មែរគ្រប់រូប ដើម្បីធានាថាអនាគតកម្ពុជានឹងមិនអនុញ្ញាតឱ្យសោកនាដកម្មក្នុងអតីតកាលអាចមកយាយី គម្រាមកំហែងដល់សន្តិភាពដែលយើងមាននៅពេលនេះបានឡើយ ទោះជាក្នុងតម្លៃណាក៏ដោយ៕