ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ នៅក្រសួងមហាផ្ទៃ រួចញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ពាក់ព័ន្ធបទល្មើស ឆបោកប្រាក់ជាង២ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តែមិនបានសម្រេច ។
បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ហង្ស វណ្ណៈ មានឋានន្តរសក្ដិជាឧត្តមសេនីយ៍ទោ (ផ្កាយពីរ) បច្ចុប្បន្នរស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
របាយការណ៍ដដែល បានបន្ថែមទៀតថា លោក ហង្ស វណ្ណៈ ត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់ លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ បានរងនូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋម្នាក់ ដែលប្តឹងចោទប្រកាន់ថា បានយកលុយគេចំនួន ២២,០០០ដុល្លារមេរិក ទៅរត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ។ ប៉ុន្តែមិនបានសម្រេចតាមការសន្យា ពោលគឺស៊ីដាច់ប្រាក់ទាំងនេះ និង ថែមទាំងគេចវេសមិនជួយដោះស្រាយជាមួយម្ចាស់ប្រាក់ទៀតផង ទើបគេប្ដឹងមកតុលាការតែម្តង។
គួរបញ្ជាក់ថា លោក ហង្ស វណ្ណៈ ជាប់ចោទពីបទ « ឆបោក» ប្រព្រឹត្តនៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីមិច សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ៕ដោយ៖សហការី