ខេត្តស្ទឹងត្រែង៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ប្រជាជនខេត្តស្ទឹងត្រែង នៅតំបន់ខ្លះបាននាំគ្នាដើរដកផ្សិតប្រភេទឈ្មោះថា៖ផ្សិតក្ងោក និងអន្សោង តាមព្រៃធម្មជាតិយកមកទទួលទាននិងលក់នៅលើទីផ្សារដើម្បីបង្កើនប្រាក់ចំណូលបន្ថែមដល់ជីវភាពគ្រួសារ។
ជាក់ស្ដែងបេីតាមការបញ្ជាក់ពីក្រុមយុវជនការពារសហគមន៍ព្រៃឈើតាគង់ និងជាយុវជន ស.ស.យ.ក កញ្ញា វង្ស ចាន់ណាបានរៀបរាប់ឱ្យដឹងថា ក្នុងពេលភ្លៀងធ្លាក់ នារដូវវស្សា តំបន់ការពារ ធម្មជាតិមួយចំនួន បានផ្ដល់ផលផ្សិតក្ងោក ផ្សិតអន្សោងនិងបន្លែព្រៃច្រើនប្រភេទ។
បន្ថែមពីនេះ កញ្ញា វង្ស ចាន់ណា បានបញ្ជាក់បន្ថែមថា ផ្សិតទាំងពីរប្រភេទនេះ គឺមួយឆ្នាំវាដុះតែមួយម្ដងទេ ជាពិសេសនៅក្នុងខែមិថុនានេះប៉ុណ្ណោះ។ ហេីយប្រជាពលរដ្ឋនៅស្រុកសេសាន នាំគ្នាប្រមូលផលផ្សិតក្ងោក និងផ្សិតអន្សោង ដែលកំពុងសម្បូរខ្លាំង ដុះនៅតាមព្រៃរបោះព្រៃឈើសហគមន៍យកមកធ្វើម្ហូបទទួលទាន។ ចំណែកផ្សិតដែលពួកគាត់ប្រមូលផលបានមួយចំនួន ត្រូវបានយកទៅលក់នៅលើទីផ្សារ ហើយនៅសេសសល់ទុកសម្រាប់បបរិភោគខ្លួនឯង។ បើលក់នៅលើទីផ្សារតម្លៃ ១គីឡូក្រាម ចន្លោះពី១ម៉ឺនទៅ១ម៉ឺន៥ពាន់រៀលនិងរហូតដល់ទៅ២ម៉ឺនរៀលក្នុងមួយគីឡូក្រាមក៏មានដែរ។
ដោយឡែកបេីតាមការសម្តីអ្នកភូមិនៅតាមតំបន់ខាងលេីនេះ ក៏បានសម្គាល់ដែរថា៖ ផ្សិតពណ៍លឿង ជាផ្សិតអន្សោង។ រីឯពណ៍សជាផ្សិតក្ងោក។ វាដុះផុសចេញពីដីនៅពេលរដូវភ្លៀងធ្លាក់តាមព្រៃរបោះចេញជារូបរាងពីមូលទៅជាឆ័ត្រទាបដុះជាប់ដី។
គួរជម្រាបថា ផ្សិតទាំងនេះ គេបេះពីព្រៃយកមកលាងទឹកសំអាតធ្វើខ្នប់ ស្លម្សៅ ឆាជាមួយប្រេងខ្យងឬខ្លាំញ់ជ្រូកតាមចំណង់ចំណូលចិត្តអ្នកនិយមទទួលទាន។ ហេីយជាទូទៅ ផ្សិតប្រភេទនេះមានតែនៅពេលភ្លៀងធ្លាក់ជោកជាំដំបូង៕ដោយ៖សហការី