ខេត្តសៀមរាប៖ អាស្ទាវ ០២នាក់ បាននាំគ្នាពួនស្ទាក់ចាំវ៉ៃ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកដូង ម្នាក់ខណះកំពុងដើរល្បាតក្នុងមូលដ្ឋានឱ្យរងរបួសធ្ងន់មូលហេតុផ្តើមចេញពីភ្លើងគំនុំអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដោយសារប៉ូលិសស្រុកអង្គរជុំដែលជាជនរងគ្រោះនោះបានចាប់សាច់ញាតិរបស់ខ្លួនដាក់គុកទើបពួកគេមានគំនុំរហូតមកដល់បច្ចុប្បន្ន ។
ហេតុការណ៍ឃាត់ខ្លួនក្មេងស្ទាវ ២នាក់នេះកើតឡើងនៅយប់ថ្ងៃទី១៥ខែមិនាឆ្នាំ២០១៦នៅចំណុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ម៉ាន់ សុខាត់ អធិការ នគរបាលស្រុកអង្គរជុំ បានឱ្យដឹងនៅរសៀលថ្ងៃទី១៦នេះថាក្នុងហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីកម្លាំងរបស់លោកបានចុះការពារនិងល្បាតតាមភូមិ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាក់ស្តែងនៅយប់ថ្ងៃទី១៥ ខែមិនាឆ្នាំ២០១៦ ជនរងគ្រោះដែលត្រូវក្មេងស្ទាក់វាយនោះគឺ លោក ផាត់ ភឿន អាយុ៥៥ឆ្នាំជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកដូង ក្រោយពីក្មេងស្ទាវទាំង២នាក់ស្ទាក់វ៉ៃ រួចក៏រត់គេចខ្លួនចូលក្នុងព្រៃបាត់នៅចំណុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ។
លោកបន្តថា នៅក្នុងពេលនោះមន្រ្តីនគរបាលដែលរងគ្រោះ បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅកម្លាំងសមត្ថកិច្ចរួមការងារក្នុងការចុះជួយអន្តរាគមន៍ភ្លាមៗ នោះកម្លាំងសមត្ថកិច្ចបានចុះសហការគ្នារួចហ៊ុំព័ទ្ធ កន្លែងដែលក្រុមក្មេងទាំងនោះបានរត់ចូលព្រៃ ទើបឈានដល់ធ្វើការចាប់ខ្លួនបានជនសង្ស័យចំនួន០២នាក់ភ្លាមៗ នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គរជុំតែម្តង ។
ជនសង្ស័យ ទី១/ឈ្មោះ ឡាក់ ផាន ភេទប្រុស អាយុ២៣ឆ្នាំ និងទី២/ឈ្មោះ អួន ឃាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនទាំង០២នាក់រស់នៅភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាបក្រោយពីធ្វើការសួរនាំរួមមក ជនសង្ស័យទាំង២នាក់បានសារភាពថាមូលហេតុដែលពួកគេស្ទាក់វាយប៉ូលិសនោះ ដោយសារខឹងនឹងប៉ូលិស(រងគ្រោះ)នោះ ដែលបានចាប់បងប្អូនគេកាលពីឆ្នាំ២០១៣ រួចបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីឃាដកម្ម(ស្ទាក់វៃពលរដ្ឋបណ្តាលឱ្យស្លាប់ចំនួន២នាក់) ដូច្នេះពួកខ្ញុំក៏មានចិត្តខឹងក៏ធ្វើដូច្នេះទៅ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ប៊ុន រិទ្ធី