ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភាលើកទី ៦ និតិកាលទី ៦

ចែករំលែក៖

ភ្នំពេញ,ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១

– សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
-សូមក្រាបថ្វាយបង្គំ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
– សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១នៃរដ្ឋសភា
– លោកជំទាវកិត្តិសង្គហបណ្ឌិត អនុប្រធានទី២នៃរដ្ឋសភា ជាទីរាប់អានដ៏ជ្រាលជ – សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា ដ៏ឧត្តុង្គឧត្តម
– បងប្អូនជនរួមជាតិទាំងអស់ ជាទីស្នេហាដ៏ជ្រាលជបំផុត

នាឱកាសដ៏ប្រពៃថ្លៃថ្លា ក្នុងពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំ រដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២១ នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមទូលថ្វាយនូវសេចក្ដីគោរពសក្ការៈ និងសេចក្ដីនឹក រលឹកដល់ សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិទាំងអស់ទូទាំងប្រទេស ។

ជាមួយនឹងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការកោត សរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកដឹកនាំភារកិច្ចក្នុងការពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើន ដើម្បីប្រើប្រាស់ ជាឧត្តមប្រយោជន៍ជាតិ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមសភាពជាក់ស្ដែង និងសកលភាវូបនីយកម្ម ។

អង្គសភាបានពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ទាំងឡាយបានហ្មត់ចត់ និងទាន់ពេលវេលា ជាពិសេសក្នុងនោះ សេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានអនុម័តជាការប្រញាប់ ដើម្បីឲ្យបានប្រើប្រាស់ក្នុងស្ថានការណ៍ពិសេស ដែលកម្ពុជាកំពុងរាតត្បាត់ដោយជំងឺឆ្លងក្នុងសហគមន៍ ជាបន្តបន្ទាប់មកនេះ ។

ស្ថិតក្នុងកាលៈទេសៈដ៏លំបាក ស្មុគស្មាញ នាអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាត យ៉ាងសាហាវទូទាំងសកលលោកនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និងអរគុណ ដ៏ជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១នៃរដ្ឋសភា លោកជំទាវកិត្តិសង្គហបណ្ឌិត អនុប្រធានទី២នៃរដ្ឋសភា សម្តេច ឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មការ និងជាសមាជិក សមាជិកានៃរដ្ឋសភាទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ជាអាទិ៍ ក្នុងឱកាសវិស្សមកាលកន្លងមកនេះ សុទ្ធតែបាន ចុះទៅមូលដ្ឋាន សួរសុខទុក្ខ ស្វែងយល់ និងជួយដោះស្រាយរាល់ការលំបាក និងរាល់បញ្ហារបស់ បងប្អូនជនរួមជាតិយើង ហើយជាពិសេស សម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្ម ក្នុងរាល់កិច្ចប្រតិបត្តិការ ដោះស្រាយ ទប់ស្កាត់ មានរួមទាំងការផ្សព្វផ្សាយរាល់វិធានការរបស់ក្រសួងសុខាភិបាល និងការ ចាក់វ៉ាក់សាំងទៀតផង ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរយ៉ាងក្រៃលែងចំពោះសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការកៀរគរមូលនិធិ និងជំនួយវាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំក៏សូមអរគុណចំពោះសហគមន៍អន្តរជាតិ ដែលមានអង្គការ សុខភាពពិភពលោក បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបានសម្របសម្រួលផ្ដល់ជំនួយវាក់ សាំងកូវីដ-១៩ ក្នុងដំណាក់កាលដំបូងតាមរយៈមជ្ឈមណ្ឌលកូរ៉ក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយវាក់សាំងកន្លងមក និងបន្តផ្តល់ថែម ទៀត ដល់ព្រះរាជាណាចក្រកម្ពុជាយើង ។

ជាបន្តទៅមុខទៀត យើងទាំងអស់គ្នាប្រាកដជាមិនអាចប៉ាន់ស្មានបានថា ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ដ៏កាចសាហាវ នឹងត្រូវផុតរលត់ពីផែនដីនៅពេលណានោះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមឲ្យបងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលឲ្យបាន ខ្ជាប់ខ្ជួន និងហ្មត់ចត់ ព្រមទាំងស្វះស្វែងរួមគ្នាដើម្បីឲ្យប្រជាពលរដ្ឋយើង ទទួលបាននូវការចាក់វ៉ាក់ សាំងបានគ្រប់ៗគ្នា ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតារក្សាព្រះមហាស្វេតឆ័ត្រ និងព្រះទសបារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូម តាមបីបាច់ថែរក្សា សម្តេច ឯកឧត្តម លោកជំទាវ និងជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹង ព្រះពុទ្ធពរគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

នៅទីបញ្ចប់នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមប្រសិទ្ធពរបវរសួស្តី ជ័យមង្គលមហាប្រសើរ ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ មានសក្តានុពលខ្លាំងក្លា និងបំពេញតួនាទី ភារកិច្ច របស់ខ្លួនបានប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់បន្តទៀត ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print