អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP នៅយប់ថ្ងៃព្រហស្បតិ៍ទី២៤ ខែមិថុនា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីមន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ បានព្រមានយ៉ាងដូច្នេះថា៖ រុស្ស៊ីលើកក្រោយអាចនឹងបាញ់កម្ទេចរាល់នាវាចម្បាំងទាំងឡាយណា ដែលបានបំពានដែនទឹករបស់ខ្លួន។
នៅក្នុងការព្រមានរបស់រុស្ស៉ីដ៏តឹងតែងមួយនេះ បន្ទាប់ពីឧប្បត្តិហេតុនៅសមុទ្រខ្មៅ ដែលនាវាពិឃាតអង់គ្លេសបានចុះចតនៅក្បែរតំបន់គ្រីមា ក្នុងតំបន់មួយដែលប្រទេសរុស្ស៊ីអះអាងថាជាដែនទឹករបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់រុស្ស៊ី បាននិយាយបន្ថែមថា នាវាចម្បាំងមួយរបស់ខ្លួនបានបាញ់ព្រមាន ខណៈដែលយន្ដហោះចម្បាំងរបស់ខ្លួនមួយទៀតបានទម្លាក់គ្រាប់បែកនៅលើផ្លូវរបស់នាវាពិឃាតអង់គ្លេសកាលពីថ្ងៃពុធសប្តាហ៍នេះដើម្បីបណ្ដេញនាវានោះ ចេញពីតំបន់ក្បែរក្រុង Sevastopol។
ដោយឡែកជុំវិញបញ្ហានេះ ភាគីអង់គ្លេស ក៏បានបដិសេធ ដោយទទូចថានាវារបស់ខ្លួនមិនត្រូវបានបណ្តេញចេញទេ ដោយគូសបញ្ជាក់ថា៖ នាវានោះកំពុងបើកនៅលើដែនទឹកប្រទេសអ៊ុយក្រែន៕ដោយ៖ស តារា