ខេត្តស្ទឹងត្រែង, នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ នឹងការយកចិត្តទុកដាក់ គិតគូរពីសុខភាពសាធារណៈ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានដឹកនាំក្រុមការងារចំរុះចុះពិនិត្យមើលដោយផ្ទាល់អំពីការយកសំណាក់វិភាគ(តេស្តរហ័ស)ពីសំណាក់ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ជូនដល់អាជីវករផ្សារសាមគ្គីខេត្តស្ទឹងត្រែង និងប្រជាពលរដ្ឋដែរមានការសង្ស័យពាក់ព័ន្ធមកពិនិត្យជាមួយក្រុមគ្រូពេទ្យដើម្បីយកចំណាកវិភាគរកជំងឺកូវីដ-១៩ នៅផ្សារសាមគ្គីស្ទឹងត្រែង និងនៅមណ្ឌលចត្តាឡីស័កកម្រិត១ ក្នុងក្រុងស្ទឹងត្រែង។
ក្នុងឱកាសនោះដែរលោក ម៉ុម សារឿន បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមធ្វើសំណាក់វិភាគ(តេស្តរហ័ស)ដើម្បីរកឃើញនូវអ្នកពាក់ព័ន្ធជំងឺកូវីដ-១៩ ដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះដែរលោកអភិបាលផ្តាំផ្ញើដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងអស់ ត្រូវថែរក្សាសុខភាព ដោយអនុវត្តឲ្យបានល្អតាមការណែនាំរបស់គ្រូពេទ្យ ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយត្រូវថែរក្សាសុខភាព លាងដៃជាមួយសាប៊ូ អាកុល ពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ដើម្បីយើងរួមគ្នាប្រយុទ្ធបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩ ដែលជាសត្រូវអត់ស្រមោល កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ក្នុងខេត្តយើងបន្តទៀត៕
ដោយ, សុខ ខេមរា