ថៃ៖​ ដើម្បីទប់ទល់ការរាតត្បាតកូវីដ-១៩​ ប្រកាសអំពីវិធានការរឹតត្បិតថ្មីៗទៀត សម្រាប់ទីក្រុងបាងកក​ និងបណ្តាខេត្តជុំវិញនោះ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពី​សេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ​ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១នេះថា៖​ រដ្ឋាភិបាលថៃ​ ដើម្បីព្យាយាមទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 បានប្រកាសអំពីវិធានការរឹតត្បិតថ្មីៗទៀត ដែលផ្តោតនៅរាជធានីបាងកក និងខេត្តជុំវិញនោះ។

ជាក់ស្ដែង​នៅក្នុង​សេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ បានបញ្ជាក់ថា​ ចំណាត់ការថ្មីៗទាំងនោះ នឹងត្រូវអនុវត្តរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ។ ក្នុងនោះរួមមានដូចជា៖ ការហាមចូលទទួលទានអាហារផ្ទាល់ នៅតាមភោជនីយដ្ឋាន ក្នុងទីក្រុងបាងកក និងខេត្តចំនួន៥ទៀតនៅជុំវិញ។ ចំណែកផ្សារទំនើបលក់ទំនិញ នៅបាងកក​ និងខេត្តទាំង៥ ដាច់ខាតត្រូវបិទទ្វារនៅត្រឹមម៉ោង៩យប់។

ដោយ​ឡែក​ចំពោះ​ពិធីជប់លៀងអបអរ ឬសកម្មភាពនានា ដែលមានមនុស្សប្រមូលផ្តុំច្រើនជាង២០នាក់ ក៏នឹងត្រូវហាមឃាត់ផងដែរ។ ចំណែក​ទីតាំងការដ្ឋានសំណង់ នៅតំបន់ចំនួន៦ខាងលើ នឹងត្រូវផ្អាកប្រតិបត្តិការ ហើយជំរំស្នាក់នៅរបស់ក្រុមកម្មករសំណង់នឹងត្រូវបិទហ៊ុមព័ទ្ធ ដើម្បីគ្រប់គ្រងចង្កោមនៃការឆ្លងរាលដាល។ ចាប់តាំងពីខែឧសភាមក ចង្កោមករណីឆ្លងចំនួន៣៧ ត្រូវបានរកឃើញ នៅតាមជំរំស្នាក់នៅរបស់កម្មករសំណង់ ក្នុងទីក្រុងបាងកក។

គួរបញ្ជាក់ថា ប្រទេស​ថៃ​ មានករណីឆ្លង COVID-19 នៅទូទាំងប្រទេសសរុប២៤០,៤៥២នាក់ ក្នុងនោះស្លាប់ ១,៨៧០នាក់ និងជាសះស្បើយ ១៩៦,៦៧៥នាក់​ គិតត្រឹមថ្ងៃសៅរ៍ទី២៦​ ខែមិថុនា​ម្សិលមិញនេះ​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print