លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសបានប្រកាសលាលែងចេញពីតំណែង ក្រោយពេលលោកថើបស្រីស្នេហ៍ ហើយត្រូវកាមេរ៉ាសម្ងាត់លួចថតបាន បង្ហោះជាសាធារណៈ។ ការ
ឱបថើបស្រីស្នេហ៍គឺជាការបំពានច្បាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩។
សារព័ត៌មាន The Sun របស់អង់គ្លេសបានផ្សាយថា រូបភាពដែលលោក Matt Hancock ឱបថើបស្ត្រីដែលជាជំនួយការ ឈ្មោះនាង Gina Coladangelo នៅក្នុងការិយាល័យពេលម៉ោងការងារនៅថ្ងៃទី៦ខែមិថុនានោះ គឺមិនខ្វល់ពីច្បាប់គម្លាតសង្គមឡើយ(ពេលនោះនៅមានសុពលភាព)។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសារភាពថាជារឿងពិត ហើយសម្រេចលាលែងចេញពីតំណែង។
នៅថ្ងៃទី២៦ ខែមិថុនា លោក Hancock បានប្រកាសលាលែងចេញពីតំណែង ហើយសុំទោសជាសាធារណៈដែលបានបំពានច្បាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩។ លោកបានបញ្ជាក់ថា លោកសម្រេចលាលែងចេញពីតំណែងដើម្បីបញ្ចៀសផលប៉ះពាល់ដោយសារតែជីវិតផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់សកម្មភាពទប់ស្កាត់កូវីដ-១៩ របស់រដ្ឋាភិបាល។
នាយករដ្ឋមន្ត្រីអង់គ្លេសបង្ហាញការសោកស្តាយយ៉ាងខ្លាំង ពេលទទួលលិខិតសំុលាលែងចេញពីតំណែងរបស់ លោក Hancock ។ នាយករដ្ឋមន្ត្រី Johnson ក៏បានលើកឡើងពីស្នាដៃ ការចូលរួម របស់លោក Hacock ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ។ នៅពេលនេះ នាយករដ្ឋមន្ត្រីអង់គ្លេស បានជ្រើសរើសលោក Sajid Javid ឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបណ្តោះអាសន្នជំនួសលោក Hancock ៕ដោយ៖ធីរីណា
រូបភាពរបស់លោក Matt Hancock ថើប Gina Coladangelo ត្រូវបានបង្ហាញដោយសារព័ត៌មាន The SUN នៅថ្ងៃទី ២៥ ខែមិថុនា។