ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ «ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រមូលគ្រាប់ពូជឈើ ចូលរួមដាំដើមឈើមិនត្រឹមតែបង្កើភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែដើមឈើដែលបងប្អូនបានដាំនៅពេលនេះនឹងក្លាយជាព្រៃឈើនិងកេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយរបស់បងប្អូន ហើយក័ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរនាអនាគតផងដែរ»។
ជាក់ស្ដែងលោក នេត្រ ភក្ត្រា បានលើកឡើងបែបនេះនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិសាមគ្គីនៅទំបន់ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺក្នុងតំបន់ដែនជម្រកសត្វព្រៃឱរ៉ាល់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលដែលលោក និងគណៈប្រតិភូ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺចុះសាកសួរសួរសុខទុក្ខ និងចូលរួម លើកទឹកចិត្តប្រជាសហគមន៍ ដែលបានចូលរួមក្នុងសកម្មភាពត្រៀមរៀបចំក្នុងពិធីដាំកូនឈើក្រោមប្រធានបទ «យុទ្ធនាការព្យាបាលដំបៅផែនដី»ដែលជាកិច្ចសហការរៀបចំដោយមានការចូលរួមពីក្រសួងនិងអាជ្ញាធរខេត្តកំពង់ស្ពឺ និងក្រុមអ្នកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិដឹកនាំដោយលោក តាន់ គឹមសួរ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងបន្តថា ក្នុងនាមក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះកិច្ចការងាររបស់យុវជនកម្ពុជាក៏ដូចជាបងប្អូនប្រជាសហគមន៍ក្នុងការចូលរួមការពារនិងអភិរក្សធានធានធម្មជាតិប្រកបដោយភាពស្មោះត្រង់ និងបានតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍សហគមន៍ជាធំ។ បន្ថែមពីនេះរដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើនភាពបៃតងនៅក្នុងសហគមន៍ និងជាការចូលរួមកិច្ចការងារថែរក្សាធនធានធម្មជាតិ។
លោករដ្ឋលេខាធិការ បានបន្ថែមថា ក្រសួងបរិស្ថាននៅតែបន្តជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យុវជន និងអ្នកស្មគ្រ័ចិត្តចូលរួមថែរក្សាបរិស្ថាន ថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិប្រកបដោយភាពស្មោះត្រង់ និងដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការល្អដើម្បីផលប្រយោជន៍រួម និងមិនយកបរិស្ថាននិងធនធាន ធម្មជាតិជាលេសដើម្បីធ្វើសកម្មភាពដែលបង្កប់របៀបវារៈនយោបាយទុច្ចរិតណាមួយឡើយ។
ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា បានកោតសរសើរនូវគំនិតផ្តូចផ្តើមគំនិតរបស់ក្រុមការងារដឹកនាំដោយលោក តាន់ គឹមសួរ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរ ខេត្តក្នុងការដាំដើមឈើនៅតាមតំបន់ព្រៃរិចរិល និងក្នុងតំបន់សហគមន៍។ បើតាមរដ្ឋលេខាធិការក្រសួង បរិស្ថាននេះមិនមែនត្រឹមតែចូលរួមការពារនិងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋដែលបានចូលរួមធ្វើការងារ ដោយលុញគ្រាប់រុក្ខជាតិ សម្រាប់ភ្ញៀវទេសចរបាចសាចនៅក្នុងព្រៃ ហើយដែលនឹងរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងបន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងបង្ហាញសម្រស់កាន់ស្រស់បំព្រងបន្ថែមទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនានៅក្នុងតំបន់នេះ នៅពេលគ្រាប់រុក្ខជាតិនេះដុះលូតលាស់ធំឡើង។
លេីសពីនេះ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា សកម្មភាពទាំងនេះ ក៏ជាការចូលរួមធ្វើឱ្យប្រជាពលរដ្ឋឈប់ចូលព្រៃកាប់ឈើ ឈប់ចូលព្រៃបរបាញ់សត្វ ដូចមុន ហើយងាកមកជាអ្នកចូលរួមអភិរក្ស ថែរក្សាព្រៃឈើ ដើម្បីការពារធនធានធម្មជាតិ និងរៀបចំសហគមន៍ពួកគាត់ទៅជាតំបន់ទេសចរណ៍ធម្មជាតិមួយជាគួរទីទាក់ទាញ និងបន្សល់ទុកសម្រាប់កូនចៅតជំនាន់ក្រោយៗទៀត។ លោក បានបន្ថែមទៀតថា នេះគឺជាសកម្មភាពដែលត្រូវបានលើក ទឹកចិត្ត និងគាំទ្រ។
លោក តាន់ គឹមសួរ ដែលជាអ្នកផ្តួចផ្តើមគំនិតយុទ្ធនាការព្យាបាលដំបៅផែនដី បានបង្ហាញពីអារម្មណ៍សប្បាយរីករាយជាមួយនិងការចុះសួរសុខទុក្ខ និងលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួង និងមន្ទីរបរិស្ថានដោយផ្ទាល់និងការផ្តល់នូវថវិកាលើកទឹកចិត្តដើម្បីទិញម្ហូបអាហារឆ្ងាញ់ៗដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់នេះ។ លោកបានបញ្ចាក់ឱ្យដឹងថា ក្រុមការងារលោកបានបង្កើតគម្រោងនេះគឺចាប់តាំងពីឆ្នាំ២០១៩មក បន្ទាប់ពីមានការសង្កេតឃើញថា អាកាសធាតុមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែអាក្រក់ៗទៅ។
ក្នុងនាមជាមនុស្សជាតិរស់នៅលើភពផែនដីនេះ ការបង្កើតកម្មវិធីនេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលពិសេសជាមួយក្រសួបរិស្ថាន ធ្វើការដាំដុះ ការអភិរក្ស ធ្វើការទប់ស្កាតការកាត់បំផ្លាញព្រៃឈើនៅតំបន់នេះ។ ជាមួយការចងឃើញកម្ពុជាបន្តថែរក្សាព្រៃបានល្អ ដោយមានការចូលរួមពីប្រជាពរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន លោក តាន់ គឹមសួរ បានធ្វើការស្រាវជ្រាវ ទៅលើការប្រើប្រាស់វិធីអ្វីដែលមានប្រសិទ្ធភាព នៅក្នុងចូលរួមស្តារព្រៃឈើឡើងវិញ។ លោកបន្ថែមថា ក្រោយស្រាវជ្រាវរកឃើញថា នៅក្នុងប្រទេសតំបន់អាហ្រ្វិក ប្រទេសថៃ និងនៅតាមបណ្តាប្រទេសនានា នៅលើសកលលោក មួយចំនួនទៀតគឺគេប្រើលក្ខណៈលុញដីដាក់គ្រាប់រុក្ខជាតិចូលទៅ ដោយគេប្រើរយៈពេលខ្លី និងទទួលបានប្រសិទ្ធភាពខ្ពស់ ដោយឡែកនៅប្រទេសអាហ្រ្វិកក្នុងមួយឆ្នាំគេអាចដាំបានកូនឈើ រហូតដល់ ៨លានដើម ដែលទាំអស់នេះគឹជាបទពិសោធន៍ល្អមួយក្នុងការយកមកអនុវត្តន៍នៅកម្ពុជា។
ជាមួយគ្នានេះ លោក តាន់ គឹមសួរ បានឱ្យដឹងថា គម្រោងនេះគឹមានការគាំទ្រ និងលើកទឹកចិត្តពី ក្រសួងបរិស្ថាន និងការគំាទ្រពីថ្នាក់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលតែងតែផ្តល់ការសហការគ្នាចុះមកផ្ទាល់នៅក្នុងការគាំទ្រសកម្មភាពយុវជន ដែលចូលរួមការពារ និងអភិរក្សធានធានធម្មជាតិ ជានិច្ច។ សកម្មភាពរយៈពេលកន្លងមកនេះ ធ្វើឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតប្រជាជនបានច្រើន ពិសេសអ្នកដែលធ្លាប់ជាអ្នកស៊ីឈ្នូលកាប់ឈើ និងចូលព្រៃកាប់ឈើ ដាក់អន្ទាក់សត្វ។ លោក តាន់ គឹមសួរ បានផ្តល់ជម្រើសមកជាអ្នកធ្វើការចូលរួមការពារព្រៃឈើ ជាមួយប្រាក់កម្រៃសមរម្យ ហើយពួកគាត់ចាប់ផ្តើមដាក់អារម្មណ៍មកស្រឡាញ់ធម្មជាតិ។ លោកសង្កត់ធ្ងន់ថា យុទ្ធនាការនៃការដាំដើមឈើនេះគឹជាផ្នែកតូចមួយប៉ុណ្ណោះ អ្វីដែលសំខាន់គឹការចូលរួមបណ្តុះស្មារតីប្រជាជនដែលខ្លះមិនដែលយល់ មិនដែលដឹង មិនដែលចាប់អារម្មណ៍នូវសារៈប្រយោជន៍ព្រៃឈើ ឱ្យងាកមកចូលរួមខ្វាយខ្វល់ធ្វើទាំងអស់គ្នា។
តាមការបញ្ជាក់របស់លោក តាន់ គឹមសួរ គម្រោងលុញគ្រាប់រុក្ខជាតិដើម្បីព្យាលបាលដំបៅផែនដីនេះគឺមានការចូលរួមជាមួយយុវជនស្មគ្រ័ចិត្តយុវជនបៃតងវើរា។ លោក តាន់ គឹមសួរ បានឱ្យដឹងថា ការចាប់ផ្តើមនៅឆ្នាំនេះ មិនមានគម្រោងធំនោះទេ គឺគ្រាន់តែលុញគ្រាប់ដើម្បីផ្តល់ខាងសហគមន៍លក់បន្តទៅដល់ភ្ញៀវទេសចរណ៍ ដើម្បីបង្កើតចំណូលឱ្យទៅខាងសហគមន៍តាមរយៈការប្រើជំពាមបាញ់គ្រាប់លុញដែលមានគ្រាប់រុក្ខជាតិនៅក្នុងនេះ បាញ់ចូលទៅក្នុងព្រៃនៅពេលដែលគាត់បានទៅស្សនានៅក្នុងតំបន់នោះ។ ក្នុងគម្រោងនេះ គឺមានការគាំទ្រពីសប្បុរសជនជាធំ ដែលជាអគ្គនាយិការនៃក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលបានផ្តល់ថវិកាក្នុងការចំណាយទូទៅ។ ជាជំហានដំបូងនៃគម្រោងបាច់ពីឧត្ថម្ភាចក្របាចពីលើ និងធ្វើការបាចចំនួន ៣០ ម៉ឺនគ្រាប់នៅទំបន់ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ ជាជំហានបន្ត និងព្យាយាមលុញឱ្យបាន១លាននៅក្នុងឆ្នាំនេះ និងនៅឆ្នាំបន្តបន្ទាប់។
ដោយឡែកលោក ប៉ែន ចំរ៉ុង អ្នកសិល្បៈ ដែលបានចូលរួមស្មគ្រ័ចិត្តក្នុងការងារនេះ ក៏បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋ ក៏ដូចជាអ្នកសិល្បៈ គឺត្រូវមានចំណែកក្នុងការករពារធនធានធម្មជាតិ ដូច្នេះចូលរួមផ្លាសប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋយើងគឹត្រូវចាប់ផ្តើមខ្លួនយើងសិន។ លោកបានបន្ថែមថា បើទោះបីចាលោករវល់ និងការងារសិល្បៈដកឃ្លាមិនរួចយ៉ាងណាក៏ដោយ ក៏លោកត្រូវតែឆ្លៀតពេលចូលរួមលើកិច្ចការងារទំងអស់នេះ ដែលជាមោទកភាពមួយសម្រាប់រូបលោកផ្ទាល់ និងក្រុមគ្រួសារលោកផងដែរ។
ចំណែកប្រជាពលរដ្ឋម្នាក់ ដែលពិការជើងទាំងសងខាង ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើសំណង់ ដែលចូលរួមធ្វើការងារនះ បានបញ្ជាក់ឱ្យដឹងដែរថា លោកបានធ្វើការងារនៅទីនេះគឹតាមរយៈលោក តាន់ គឹមសួរ យកមកធ្វើការ ខណៈដែលកន្លែងផ្សេងធ្វើមិនកើត ដោយសារលោកពិការជើងទាំងពីរ។ លោកបន្ថែមថា ការងារលុញដំដីដាក់គ្រាប់រុក្ខជាតិនេះក្នុងមួយថ្ងៃគឹទទួលបានប្រាក់កម្រៃ ៣ ម៉ឺនរៀល ដូចគេឯងដែរ ដែលវាបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការទ្រទ្រង់លើការចំណាយនៅក្នុងជីវភាពគ្រួសារប្រចាំថ្ងៃរបស់ក្រុមគ្រួសារលោក ហើយការលុញដំដីដាក់គ្រាប់រុក្ខជាតិនេះ គឹជាការងារល្អមួយដែលវានឹងបានចូលរួមថែរក្សាធនធានធម្មជាតិទាំងអស់គ្នាផងដែរ៕ដោយ៖សហការី
ប្រភពពី៖ក្រសួងបរិស្ថាន