ខេត្តព្រះសីហនុ៖ អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ ជាមួយនឹងផ្សែងដ៏ខ្មួលខ្មាញ់កាលពីវេលាម៉ោង៣និង៥៥នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤(ឃ្លាំងលើ) ក្នុងក្រុម៥ ភូមិ១ សង្កាត់លេខ១ ក្រុម ខេត្តព្រះសីហនុ ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះទៅលើទីតាំងឃ្លាំងស្តុកកាវ និងសាំងក្រអូបរបស់រោងចក្រផលិតកាបូប និងវែនតា ឈ្មោះ TONG TA. WEGC ដែលមានរយៈពេលជាង១ម៉ោងបណ្តាលឲ្យខូចខាតទីតាំងឃ្លាំងមួយខ្នង មានទំហំ៨ម៉ែត្រ គុណនឹង៣០ម៉ែត្រ ប៉ុន្តែមិនបណ្តាលឲ្យរងគ្រោះ មនុស្សឡើយ ។
សមត្ថកិច្ចបានបន្តថា អគ្គិភ័យនេះបានរលត់ទៅវិញ នៅម៉ោង៥ព្រឹក ថ្ងៃ ខែ ឆ្នាំដដែល ដោយសារសមត្ថកិច្ចបានជួយអន្តរាគមន៍ពន្លត់ ក្នុងនោះប្រើប្រាស់រថយន្ត២គ្រឿង ដែលមានការដឹកនាំផងដែរ ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាមួយនឹងកម្លាំងជិត៣០នាក់ ។ អគ្គិភ័យនេះ បានបណ្តាលមកពីទុស្សេខ្សែភ្លើង ហើយសម្ភារដែលខូចខាតបាត់បង់នោះ មិនទាន់វាយតម្លៃបាននៅឡើយ ៕ សុខ ខេមរា