រថយន្តដឹកដី បុកជាមួយរថយន្តកូរ៉េ ជ្រុលទៅកិនម៉ូតូ មួយគ្រឿងទៀតបណ្តាលឲ្យរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ខណៈរួបគាត់កំពុងជិះម៉ូតូហើយមាន រថយន្តបែនដឹកដីមួយគ្រឿង បើកបុករថយន្តកូរ៉េ រងកាខូចខាត ហើយជ្រុលទៅកិនម៉ូតូទៀត​ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ចុះរត់គេចខ្លួនបាត់ ។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅ លើកំណាត់ផ្លូវទំនប់កប់ស្រូវ កែងផ្លូវលំ ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាក ហុីណូ បែនដឹកដី កង់១០ ពណ៌បៃតងលាយស ពាក់ស្លាកលេខ ក-៥៩៧៣-ភព៣ បើកពីត្បូងទៅជើង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវយ៉ាងប្រញាប់ ជ្រុលទៅបុកចំពីមុខរថយន្ត កូរ៉េដឹកគ្រឿងសំណង់​ ម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ចំណុះ១តោន ពាក់ស្លាកលេខ ភ្នំពេញ 2T-3469   បើកពីជើងទៅត្បូង បណ្តាលឲ្យខ្ទេចមុខហើយ ជ្រុលទៅបុក កិនម៉ូតូ ពីក្រោយ ដែលជិះតាមផ្លូវលំឆ្ពោះទៅលិច រថយន្តកិនជាប់កន្ទុយម៉ូតូ  ម៉ាក ហុងដា គុបមូល ពណ៌ទឹកប៊ិច  អ្នកបើកបរដោយបុរសវ័យចំណាស់ម្នាក់ រស់នៅ ភូមិសំរោង សង្កាត់សំរោងក្រោម ក្បែរកន្លែងកើតហេតុ រងរបួសជើង ក្បាល ក្រោយកើតហេតុ ភ្លាម ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

តាមប្រជាពលរដ្ឋរអ៊ូរទាំផងដែរថា រថយន្តដឹកដី បើកឆ្លងកាត់ ចំណុចខាងលើ បើកបរល្បឿនលឿន មិនកោតក្រែង គោរពច្បាប់ គ្មានខ្លាចញញើត អាសូរ្យ ដល់ពលរដ្ឋ អ្នកដំណើរដទៃទៀតឡើយ ដែលពួកគាត់ សង្ស័យថា អាងខ្នង អាងថៅកែ រថយន្ត អាងថៅកែដី ជាអ្នកមាន ជាឧកញ៉ាហើយ ទើបព្រហើនក្នុងការបើកបរបែបនេះ គួរណាអាណិតអាសូរ្យដល់ប្រជាពលរដ្ឋ គ្រាន់តែបើកបរ គោរពច្បាប់មិនបានផងយ៉ាងនេះ ។

ពលរដ្ឋបន្តទៀតថា រថយន្តបង្កហេតុខាងលើ កន្លងមកថ្មីៗនេះ ត្រូវបាន សមត្ថកិច្ច ចាប់ឃាត់ម្តង ជាមួយរថយន្តផ្សេងទៀត នាំទៅផាកពិន័យ រឿងបើកបរមិនគោរពច្បាប់ ហើយក្រោយ ពីដោះស្រាយចប់ ទើបបាន៣ថ្ងៃ មិនរាងចាល បែជា បើកបង្កហេតុ ដោយសារ ផ្គើនទៅនឹងអាជ្ញាធរ ផ្គើនទៅនឹងសមត្ថកិច្ច បើកបរ លឿនហួស កំណត់ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ត និងម៉ូតូ បង្កឲ្យ មនុស្សម្នាក់រងរបួសធ្ងន់ ។

ក្រោយកើតហេតុរថយន្តបង្ក និងរថយន្តរងគ្រោះរួមទាំងម៉ូតូ រងគ្រោះ មួយគ្រឿងទៀត ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ រងចាំស្រាវជ្រាវរកថៅកែរថយន្តដឹកដី មកដោះស្រាយពេលក្រោយ ៕សុខាសែនជ័យ

image3

image1

...

image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print