ភ្នំពេញ៖ បើទោះបីរាជធានីភ្នំពេញបាន និងកំពុងប្រឈមមុខការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ នៅតែបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗជាដើម ដើម្បីបំរើផលប្រយោជន៍ប្រជាពល រដ្ឋទូទៅ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ។
ជាក់ស្ដែងនៅថ្ងៃទី០២ កក្កដា ឆ្នាំ២០២១ ក្រុមការ ងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័។
លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០២ កក្កដានេះថា៖ ដោយមានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះ
ស្រាយ បញ្ហាលិចលង់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គ ភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើ សកម្មភាព ស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា។
លោកដួង ចាន់សារ៉ាត់ បានបន្តថា ៖ប្រឡាយទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១នៃខណ្ឌពោធិសែនជយ័ ។ ប្រឡាយនេះមានប្រវែង៦១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ ។ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាងនិងខណ្ឌពោធិសែនជយ័ រួមមានសង្កាត់ចោមចៅ២និងចោមចៅ១និងភាគខ្លះនៃខណ្ឌដង្កោ រួមមានសង្កាត់ព្រៃសជាដេីម ។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ទៀតថា៖ ការងារស្តារប្រឡាយនេះបានចាប់ផ្តេីមដំណេីរការ កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ ហើយ បើគិតត្រឹមថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះ ជាលទ្ធផលស្តារបានប្រវែង ២៥០០ម៉ែត្រ ស្មើនឹង៤០%នៃផែនការ ។
ការងារស្តារប្រឡាយទួលពង្រទី២នេះ តាមផែការការងារគឺ ប្រេីប្រាស់រយៈពេលចំនួន៣ខែ ដោយគ្រោងនឹងស្តារបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១នេះ៕
ដោយ៖ សំរិត