ខេត្តស្វាយរៀងៈព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់ថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកស្រី គង់ សារឿន អតីតជាមេបញ្ជាការកងអនុសេនាធំនារីដោះមីន ខេត្តស្វាយរៀង ។ សព្វថ្ងៃនេះ លោកស្រី គង់សារឿន មានអាយុ ៥៩ឆ្នាំ មានជំងឺស្ពឹកផ្នែកខាងឆ្វេងមួយចំហៀងខ្លួន ដែលធ្វើឲ្យងងឹតភ្នែក ត្រចៀកថ្លង់ ហើយដៃនិងជើងពិបាកក្នុងការធ្វើចលនា ហើយបច្ចុប្បន្នរស់នៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង។ ចាប់តាំងអង្គភាពរបស់លោកស្រីត្រូវបានរំសាយតាំងពីថ្ងៃ ២៤ ខែសីហា ឆ្នាំ១៩៩២ មក លោកស្រីពុំមានចំណូលអ្វីសម្រាប់គ្រួសារទេ ហើយខ្លួនមានជំងឺមិនអាចធ្វើស្រែចំការបានទៀត ធ្វើឲ្យលោកស្រីជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ទឹកចិត្ត និងសេចក្តីសណ្តោសអាណិត និងស្រឡាញ់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននាពេលនេះគឺជាការយកចិត្តទុកដាក់ចំពោះអតីតយុវនារីដែលជួបការលំបាក ។សុខ ខេមរា