ទីបំផុត​! ចៅក្រម​សាលាដំបូងរាជធានីភ្នំពេញ​ សម្រេច​ផ្តន្ទាទោស​ចិន ៣នាក់​ ពាក់ព័ន្ធករណី​ចាប់ជំរិត​ទារប្រាក់១០ ម៉ឺន​ដុល្លារ​​​ពីចិន​ដូចគ្នា ដាក់ពន្ធនាគារក្នុង​ម្នាក់ៗ ៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃអង្គារ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១នេះ ប្រធាន​ក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូងរាជធានី​ភ្នំពេញ​ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ បានប្រកាសសាលក្រមលើ​ជនជាប់ចោទ​​ចំនួន ៣នាក់​ ជាជនជាតិ​ចិន​ សម្រេច​ផ្ដន្ទាទោសដាក់ពន្ធនាគារ ក្នុង​ម្នាក់ៗ ៥ឆ្នាំ ក្រោម​ការចោទប្រកាន់ ពីបទ​កំហែង​យក មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រើ​អាវុធ (​ចាប់​ជនរងគ្រោះ​ដាក់​ខ្នោះដៃ និង​ប្រើប្រាស់ ឧបករណ៍​ឆក់ ជំរិត​ទារប្រាក់​) បទ​ធ្វើ​ឲ្យ​ខូចខាត ដោយ​ចេតនា (​បើករថយន្ត​បុក​បណ្តា​ល ឲ្យ​ខូចខាត រថយន្ត ២ គ្រឿង និង​បុក​របង​ផ្ទះ បណ្តាល​ឲ្យ​ខូចខាត​) និង​ប្រើប្រាស់​ឯកសារ សាធារណៈ​ក្លែង ពាក់​ស្លាក​លេខ​រថយន្ត ដោយ​គ្មាន​សិទ្ធិ និង​ជំរិត​ទារប្រាក់ ១០ ម៉ឺន​ដុល្លារ​។​

​គួរ​ជម្រាប​ថា​ បុរសជនជាតិចិនជនជាប់ចោទទាំង ៣នាក់​នោះរួមមាន៖​ ទី១. ឈ្មោះ ចម ជី ង មីង ( ZHAO-JIANMING ) អាយុ ៣៥ ឆ្នាំ ស្នាក់នៅ​ម្ដុំ ខាងក្រោយ​ក្រសួងការពារជាតិ , ទី២. ឈ្មោះ XIAO-ZEAN អាយុ ៣២ ឆ្នាំ កាន់​លិខិតឆ្លងដែន លេខ EA- 2019587 ស្នាក់នៅ​ម្ដុំ​កោះ​ពេជ្រ មុខរបរ​មិន​ពិតប្រាកដ និងទី៣. ឈ្មោះ HU FENGWEN អាយុ ៣១ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល លេខ​១៥ ផ្លូវ​លេខ ០៣ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ រកស៊ី​ខាង​រ៉ែ​មាស​។​ ចំណែក ជនរងគ្រោះ មានឈ្មោះ Lin Wei Xian ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៣១ ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយ លៀង មីង ជូ ផ្ទះ​លេខ​៨ ផ្លូវ ២៧៨ ភូមិ ៥ សង្កាត់​បឹង កេងកង ទី​១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ មុខរបរបុគ្គលិក​ខារ៉ាអូខេ​។

​គួររម្លឹកថា ​បើយោង​តាមរបាយការណ៍របស់សមត្ថកិច្ច​ បានបញ្ជាក់ថា ជនជាប់ចោទទាំង ៣នាក់នេះ កាលពី​វេលា​ម៉ោង២១​ និង២០នាទី ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ចំណុចក្នុង​បន្ទប់​លេខ ៩០២ ជាន់​ទី​៩ សណ្ឋាគារយីហោ”ហាយ ហៀ​ង មីង​ជូ “ផ្លូវ​លេខ២៧៨ ភូមិ​៥ សង្កាត់​បឹង​កេងកងទី​១ ខណ្ឌ បឹង​កេងកង រាជធានី​ភ្នំពេញ។​

​ក្រោយប្រតិបត្តិការរួច​វត្ថុតាងចាប់យកពីជនជាប់ចោទ រួមមាន៖
*១.​រថយន្ដ ចំនួន ១ គ្រឿង ម៉ាក HILUX REVO ពណ៌ ស្ករ ( របស់​បក្ខពួក​ជនសង្ស័យ រត់គេចខ្លួន ) ។​

*២. ទូរស័ព្ទ​ចំនួន ២ គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស​, លុយ​ចំនួន ៣២៦ ដុល្លារ​, ប័ណ្ណ​ព័ត៌មាន ( CTN TV) , ដំបងឆក់ ចំនួន ២ និង​គ្រាប់ ចំនួន​១, ប័ណ្ណ សម្គាល់​រថយន្ដ ១ និង​កាត​ធនាគារ ១ (ATM – ABA BANK) , ខ្នោះដៃ ២, ក្រណាត់ ពណ៌​ខ្មៅ ចំនួន ៤ សម្រាប់​គ្រប​មុខ របស់​ឈ្មោះ ZHAO JIANMING) ។​

*៣. ទូរស័ព្ទ ចំនួន ២ គ្រឿង ម៉ាក IPhone 6 ពណ៌​ខ្មៅ​និង​ស​, លុយ​ចំនួន ១៣ ដុល្លារ និង​ប្រាក់​ខ្មែរ ចំនួន ៤.២០០ រៀល​, លិខិតឆ្លងដែន ចំនួន​១ លេខ EA 2019587 , Power Bank ពណ៌​ស ម៉ាក Romoss, កូនសោរ​មួយ​ចង្កោម និង​កាបូប​ខ្មៅ ចំនួន​១ ជា​របស់​ឈ្មោះ XIAO ZEAN ។

​បច្ចុប្បន្ន​ជនជាប់ចោទទាំង​ ៣នាក់នេះ​ ត្រូវ​បានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្នុង​ម្នាក់ៗ ទទួលទោសរយៈពេល​ ៥ឆ្នាំ​៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print