ភ្នំពេញ៖ បើតាមរបាយការណ៍របស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានបញ្ជាក់ថា បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាសរសៃឈាមមួយ ដ៏សំខាន់នៅក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
ជាក់ស្ដែងកំពង់ផែស្វយ័តមួយនេះ នៅតែបន្តដំណើរការតាមផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧ -២០២៥ ដោយកំពង់ផែស្វយ័តក្រុងព្រះសីហនុមានផែនការអភិវឌ្ឍកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជម្រៅ ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ។
ទន្ទឹមនឹងនេះ នៅឆ្នាំ២០៣០ ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជនក្នុងនោះរួមមាន៖ គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង ១៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង ១០៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើងប្រវែង២៥០ម៉ែត្រ x ១៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង៦៥០ម៉ែត្រ x ២០០ម៉ែត្រ។
គួរជម្រាបថា នៅឆ្នាំ២០២០កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់ចំនួន ៦.៦០១.៨០៤តោន កើនឡើង 0,៨៣% បរិមាណនាវាឆ្លងកាត់មានចំនួន១.៥៨២គ្រឿង ថយចុះ៤,៨១% បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន៦៤១.៨៤២ TEUs កើនឡើង០,៤១% និងចំណូល សរុបមានចំនួន ៣១១.៨១៣.៧៦៩.០០០ រៀល ថយចុះចំនួន៧%៕ដោយ៖សហការី