ភ្នំពេញ: អំពើឃាតកម្មបង្កឡើងដោយម្ចាស់យានដ្ឋានPVCវាយទម្លាក់យុវជនម្នាក់សង្ស័យញៀនថ្នាំពីលើអាគាររបស់ខ្លួនសម្លាប់ដោយប្រើដំបង នឹងជាបទល្មើសជាក់ស្តែងប្រព្រឹត្តនៅចំពោះមុខសមត្ថកិច្ច ចំពោះមុខមហាជន ត្រូវសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យឃាត់ខ្លួននោះ គេត្រៀមដោះលែងហើយ អាចដោយសារតែលុយមើលទៅ ។ បើដោះលែងមែនប្រព័ន្ធតុលាការប្រឈមនឹងការរិះគន់ ហើយការកោះហៅប្រធាន ព្រះរាជអាជ្ញា រាជធានី ខេត្តដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ប្រជុំជាបន្ទាន់នោះ ពិតជាមិនមានប្រសិទ្ធភាពអនុវត្តនិតិវីធី បើដោះលែងដោយមិនញញើតច្បាប់យ៉ាងនេះ?
បញ្ហានេះគួរមានការឃាត់ខ្លួនជនសង្ស័យបើកការសើុបអង្កេត អោយបានត្រឹមត្រូវ ផ្តល់យុត្តិធម៍ជូនជនរងគ្រោះ មិនមែនធ្វើតាមទម្លាប់បទល្មើសមាន បណ្តាលអោយជនរងគ្រោះបាក់ជើងរបួសធ្ងន់ ដោយអំពើឃាតកម្មបង្កឡើងដោយជនល្មើស ត្រូវបានរួចខ្លួនបែបនេះទេ។ បើទោះជាជនរងគ្រោះបែកថ្នាំ ឬឈានដល់ឆ្គួតវិកលចរិកក៏ដោយ បុគ្គលគ្រប់រូបត្រូវការពារដោយច្បាប់ ធ្វើយ៉ាងបើកការសើុបអង្កេតរកអោយឃើញនូវពិរុទ្ធភាពដើម្បីផ្តន្ទាទោសជនបង្កនូវអំពើឃាតកម្មវាយទម្លាក់មនុស្សពីលើដំបូលអាគារដ៏ខ្ពស់ទៅតាមផ្លូវច្បាប់។
ប្រភពលេចឮថា មានថ្នាក់លើចេញមុខអន្តរាគមន៍រឿងនេះ ដោយម្ចាស់យានដ្ឋានមានប្រភពសេដ្ឋកិច្ច ហើយតំណាងអយ្យការក៏ស្ទាក់ស្ទើមើលឆ្វេងមើលស្តាំដែរ ខ្លាចភាពអយុត្តិធម៍ទាំងនេះត្រូវបានបែកធ្លាយក្លាយជាប្រតិកម្មពីថ្នាក់លើ។ ម្យ៉ាងអាចយល់ឃើញថា ជនរងគ្រោះគ្មានទីពំុនាក់ គេនឹងរៀបចំឯកសារអោយគ្មានពិរុទ្ធ ដើម្បីឈានដល់ការដោះលែង។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ យុវជនម្នាក់បានឡើងទៅលើដំបូលយានដ្ឋានរបស់បុរសជាម្ចាស់ទីតាំងខាងលើ មុនដំបូង សមត្ថកិច្ចសន្និដ្ឋានថា អាចជាករណីបែកថ្នាំ បានជារូបគេព្យាយាមឈរនៅលើដំបូលដ៏ខ្ពស់មិនព្រមចុះមកវិញ ដូច្នេះសមត្ថកិច្ច រួមទាំងអាជ្ញាធរផងដែរ បានប្រើវិធីលួងលោម និងទិញនំប័ុងឲ្យទៅយុវជននោះ ដើម្បីឲ្យគេសម្រេចចិត្តចុះមកវិញ ចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុណាមួយ ។ ប៉ុន្តែក្រោយឃើញសកម្មភាពរបស់យុវជនរូបនេះ នៅលើដំបូលយានដ្ឋាន ម្ចាស់ទីតាំងហាក់ដូចជាមានចរិតច្រឡោត ស្អប់ខ្ពើមទៅលើយុវជនខាងលើ រួចហើយក៏បង្ខំចិត្តឡើងទៅលើដំបូលអគាររបស់ខ្លួនជាមួយនឹងដៃកាន់ដំបងដ៏ធំ សំដៅទៅវាយយុវជនទម្លាក់ក្នុងចេតនាប៉ុនប៉ងឃាតកម្ម ក្នុងបទល្មើសជាក់ស្តែង ដែលមានមហាជនច្រើននាក់ ហើយសមត្ថកិច្ចនៅចំពោះមុខ។ ដោយឃើញសកម្មភាពសាហាវយង់ឃ្នងពីម្ចាស់យានដ្ឋាន PVC ក្នុងបទល្មើសឃាតកម្ម សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កយកមកសាកសួរនៅអធិការដ្ឋាននគរបាសម្របសម្រួលហើយមើលទៅ៕ សុខ ខេមរា