ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា វៀតណាម បានប្រគល់ថវិកាចំនួន៥ម៉ឺនដុល្លាររបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម ជូនដល់លោក វ៉ូ ក្វាងមិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដើម្បីបញ្ជូនទៅឲ្យសមាគមមិត្តភាពវៀតណាម-កម្ពុជា។ពិធីប្រគល់ថវិកាជំនួយនេះបានធ្វើនៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បាននាំនូវការសាកសួរទុក្ខ និងរំលែកនូវទុក្ខលំបាកពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម នៅក្នុងគ្រាដ៏លំបាក នេះ តាមរយៈលោកឯកអគ្គរដ្ឋទូតវៀតណាម និងបានរំលឹកពីអំណោយរបស់វៀតណាមតាមរយៈថ្នាក់ដឹកនាំកំពូលៗ និងសមាគមមិត្តភាពវៀតណាម- កម្ពុជាដែលបានជួយកម្ពុជាក្នុងគ្រាមានគ្រោះនៃជំងឺកូវីដ-១៩ កន្លងមក។ ពេលនេះកម្ពុជាបានឃើញមិត្តវៀតណាមកំពុងមានការឆ្លងរាលដាល ទើបចែករំលែកជួយគ្នាទៅវិញទៅមកក្នុងនាមជាមិត្តជិតខាងល្អ។
លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងកោតសរសើរនូវចំណាត់ការដ៏មានប្រសិទ្ធភាពដឹកនាំលើវិស័យសុខាភិបាលរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ទាំងយុទ្ធសាស្ត្រការពារ និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងមនុស្សពេញវ័យ រហូតដល់យុវវ័យចន្លោះពី១២-១៧ឆ្នាំ ដែលនឹងត្រូវចាក់នាពេលខាងមុខនេះ ។ លោកក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែជួយដល់ប្រទសវៀតណាមគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ ។ ជាពិសេស នៅព្រឹកនេះជំនួយរបស់កម្ពុជាបានទៅដល់ប្រទសវៀតណាមបានធ្វើពិធីប្រគល់ និងទទួល។ ចំណែកឯអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ត្រូវបានប្រគល់និងទទួលនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាផងដែរ ។
លោកឯកអគ្គរដ្ឋទូតបន្តទៀតថា វៀតណាមគួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដនៅក្នុងដំណាក់កាលដែលប្រទេសវៀតណាមកំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ ។
លោក វ៉ូ ក្វាងមិញ ក៏បានជម្រាបលាក្នុងពេលដែលលោកបានបញ្ចប់អាណត្តិបេសសកម្មការទូតប្រចាំនៅកម្ពុជា នាឱកាសនោះផងដែរ ៕ សំរិត