ក្រសួងធនធានទឹក: កូនព្យុះថ្មីទី ៧ ឈ្មោះ សេមប៉ាកា “CEMPAKA” នៅកម្ពុជា មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្រ្តាក់ក្នុងកម្រិតខ្លាំងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកក្កដា !

ចែករំលែក៖

ភ្នំពេញ, កូនព្យុះថ្មីទី ៧ ឈ្មោះ សេមប៉ាកា “CEMPAKA” នៅកម្ពុជា មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្រ្តាក់ក្នុងកម្រិតខ្លាំងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកក្កដា ! ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយមនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា, បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់ បានបង្ហាញឲ្យឃើញថា ព្យុះទី ៦ ឈ្មោះ “IN-FA” ដែលបានកើតនៅលើសមុទ្រប៉ាស៊ីហ្វិក កាលពីវេលាម៉ោង ០១ យប់ម្សិលមិញនោះ នៅថ្ងៃនេះ បានវិវត្តន៍ទៅជាព្យុះទីហ្វុង និង ដើរតម្រង់ឆ្ពោះទៅខាងកើតប្រទេសចិន ។ នៅព្រឹកថ្ងៃទី ១៩ ខែកក្កដានេះ មានវិសម្ពាធមួយ ដែលស្ថិតនៅក្នុងសមុទ្រចិនគៀកនឹងហុងកុង បានបង្កើនឥទ្ធិពលទៅជាកូនព្យុះថ្មីទី ៧ ឈ្មោះ សេមប៉ាកា “CEMPAKA” នៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះចូលទៅភាគខាងត្បូងប្រទេសចិន ។
យោងតាមការព្យាករ ជ្រលងនៃកូនព្យុះ សេមប៉ាកា “CEMPAKA” រួមជាមួយខ្យល់មូសុង និរតីខ្លាំង ដោយភ្ជាប់ជាមួយប្រព័ន្ធសម្ពាធទាប ITCZ នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្រ្តាក់ក្នុងកម្រិតខ្លាំង ។
២- បណ្តាខេត្តនៅតាមតំបន់ដងទន្លេមេគង្គ, ជួរភ្នំដងរែក និងជួរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្រ្តាក់ក្នុងកម្រិតខ្លាំង ។
៣- តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ និងខេត្តកោះកុង ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេស បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print