កំពង់ធំ ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញក្នុងពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ នៃការកសាងសំពៅត្រៃយ៍លោក សំពៅត្រៃយ៍ល័ក្ស តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលស្ថិតនៅក្នុងភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកស្រីឧកញ្ញា លោកអភិបាលរងខេត្តកំពង់ធំ លោក លោកស្រី មន្ត្រីរាជការអមដំណើរ។
នាឱកាសនោះផងដែរ លោកស្រីក៏បានបួងសួងសូមឲ្យ៖ មានភ្លៀងធ្លាក់គ្រប់គ្រាន់ ដើម្បីមានទឹកសម្រាប់ប្រជាកសិករបង្ករបង្កើនផលកសិកម្ម, មានភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជាឲ្យកាន់តែច្រើន, ដំណើរការនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ ២០១៦ ដែលនឹងត្រូវរៀបចំនៅខេត្តសៀមរាបនាពេលខាងមុខដំណើរការបានទៅដោយរលូន និងទទួលបានជោគជ័យ, មានអ្នកវិនិយោគ មកបណ្តាក់ទុនរកស៊ីនៅក្នុងកម្ពុជាឲ្យកាន់តែច្រើន, ប្រទេសជាតិជៀសផុតពីជម្ងឺកាចសាហាវផ្សេងៗ និងសូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សម្បួរសប្បាយ រុងរឿងជានិច្ចនិរន្ត ។ ជាពិសេស ក៏បានបួងសួងជូនពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ ចៅប្រុស ចៅស្រី ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕សុខ ខេមរា