លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពីគម្រោងស្តីពី “ការអភិវឌ្ឍកម្មវិធីហាត់ការរបស់និស្សិតមហាវិទ្យាល័យវិស្វកម្មកសិកម្ម Improving Internship Program at Faculty of Agricultural Engineering”

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកពីមហាវិទ្យាល័យវិស្វកម្មកសិកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអង្គការ ស្វីសខន់ថាក់ (Swisscontact) បានសហការគ្នាដើម្បីធ្វើការអភិវឌ្ឍកម្មវិធីហាត់ការរបស់និស្សិត ក្នុងគោល បំណងបង្កើនសមត្ថភាពធនធានមនុស្សផ្នែកបច្ចេកទេស និងលើកកម្ពស់ភាពមានការងារធ្វើ និងការត្រៀមខ្លួនជាស្រេចសម្រាប់ទីផ្សាររបស់និស្សិតក្រោយពេលបញ្ចប់ការសិក្សា តាមរយៈកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីហាត់ការរបស់និស្សិត និងការបង្កើតឱកាសផ្សារភ្ជាប់ រវាងមហាវិទ្យាល័យ និងវិស័យឯកជន។ គម្រោងនេះទទួលបានការគាំទ្រថវិកាពីគម្រោង MIGIP (Mekong Inclusive Growth & Innovation Programme) សរុបចំនួន ៧ ៥១៦ដុល្លារ និងថវិកា បដិភាគរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ២ ៥៦៤ ដុល្លារ ជាទម្រង់ចំណាយពេលវេលាចូលរួមអនុវត្ត (In-kind) សម្រាប់ការអនុវត្តគម្រោងរយៈពេល ១៧ខែ ចាប់ពីខែមិថុនា ឆ្នាំ២០១៩ ដល់ ខែធ្នូ ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា, សមិទ្ធផលសំខាន់ៗ ដែលគម្រោងសម្រេចបាន រួមមាន៖
– បណ្តុះបណ្តាលគ្រូបង្គោល និងគ្រូដឹកនាំនិស្សិតហាត់ការបានចំនួន ០៥ នាក់
– ជ្រើសរើសនិងបញ្ជូននិស្សិតឆ្នាំទី២ ទី៣ និងទី៤ សរុបចំនួន ០៩ នាក់ ឲ្យចូលរួមហាត់ការរយៈពេល ៣-៦ខែ នៅតាមសិប្បកម្ម ក្រុមហ៊ុនផលិត និងនាំចូលឧបករណ៍កសិកម្ម មជ្ឈមណ្ឌលស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម អភិរក្ស និងគ្រឿងយន្តកសិកម្មសមស្របសម្រាប់ប្រពលវប្បកម្មប្រកបដោយនិរន្តរភាព និងក្រុមស្រាវជ្រាវកសិកម្ម និងវិស្វកម្មកសិកម្មផ្សេងៗ
– ផ្តល់វគ្គតម្រង់ទិស វគ្គបណ្តុះបណ្តាលខ្លី អំពីប្រធានបទការគ្រប់គ្រងជំនួញ ជំនាញទន់ ជំនាញក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជន និងយុទ្ធសាស្ត្រទីផ្សារ ដល់និស្សិតមុនបញ្ជូនឲ្យចូលរួមហាត់ការជាមួយវិស័យឯកជន សម្រាប់ជាដើមទុនជាមូលដ្ឋានក្នុងការធ្វើអាជីវកម្មអ្វីមួយ
– បង្កើតគំរូហាត់ការដែលមានឈ្មោះថា In Guider
– បង្កើតសៀវភៅណែនាំអំពីកម្មវិធីហាត់ការ (Internship Handbook) ក្រោមការជួយពិនិត្យ ប្រឹក្សាយោបល់ និងណែនាំកែតម្រូវពីជំនាញការជាន់ខ្ពស់ Dr. Christoph Bickel សាស្ត្រាចារ្យជនជាតិស្វីស
– រៀបចំសិក្ខាសាលាវាយតម្លៃបញ្ចប់កម្មវិធីហាត់ការ ដោយមានការអញ្ជើញចូលរួមពីវិស័យឯកជនដែលបានចូលរួមសហការផ្តល់ឱកាសហាត់ការដល់និស្សិត និងវិស័យឯកជនដែលមានសក្តានុពលចូលរួមសហការផ្សេងៗ បានចំនួន ២វគ្គ
– បង្កើតព្រឹត្តបត្រព័ត៌មានកម្មវិធីហាត់ការ សម្រាប់ផ្សព្វផ្សាយ និងចែកជូនអតិថិជន (និស្សិត វិស័យឯកជន និងស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍនានា ដែលមានសក្តានុពលសម្រាប់កិច្ចសហការ លើកម្មវិធីហាត់ការនេះ)
– បង្កើតវីដេអូខ្លី អំពីកម្មវិធីហាត់ការ សម្រាប់ផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធនានា។ តំណរភ្ជាប់សម្រាប់វីដេអូខ្លី https://www.facebook.com/180503832367425/videos/241595817593808។

លោករដ្ឋមន្ត្រីបានថ្លែងទៀតថា, ដោយមានការខិតខំប្រឹងប្រែងអនុវត្តសកម្មភាពរបស់ក្រុមការងារ គម្រោងនេះត្រូវបានបញ្ចប់ ដោយជោគជ័យ ហើយអង្គការស្វីសខន់ថាក់ វាយតម្លៃខ្ពស់ពីលទ្ធផលសម្រេចបាន ព្រមទាំងបានឯកភាពផ្តល់ការគាំទ្រហិរញ្ញវត្ថុ សម្រាប់ការអនុវត្តនៅជំហានទី២បន្តទៀត ដែលមានរយៈពេល ១ឆ្នាំ ក្នុងទំហំថវិកាចំនួន ១៣ ៥១៩ ដុល្លារ (បដិភាគរបស់មហាវិទ្យាល័យវិស្វកម្មកសិកម្ម ចំនួន ១ ៦៤២ ដុល្លារ)។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា, ព័ត៌មានបន្ថែម សូមធ្វើទំនាក់ទំនង លោក ទ្បោ លីតួ ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មកសិកម្ម តាមរយៈទូរស័ព្ទ និងតេលេក្រាមលេខៈ ០១១ ៩៧៣ ៦៧២៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print