ខេត្តកំពង់ឆ្នាំង៖ ក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុង និង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការគ្នាព័ទ្ធចាប់បាន ក្នុងពេលដែលបក្ខពួកទាំងនេះបានប្រមូលផ្តុំគ្នាធ្វើសកម្មភាព កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ នៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង និងនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យទាំង៩នាក់ដែលចាប់ខ្លួនបានមាន ១.ហៀង កាលី អាយុ៣២ឆ្នាំ ២.ឈ្មោះ រស់ សុភា អាយុ២០ឆ្នាំ ៣.ឈ្មោះ ម៉ុង ចាន់ធឿន អាយុ២៥ឆ្នាំ ៤.ឈ្មោះ កេត វណ្ណារ៉ា អាយុ២០ឆ្នាំ ៥.ឈ្មោះ ណេន សំណាន អាយុ១៩ឆ្នាំ ៦.ឈ្មោះ សាវ៉ាន់ វិទូ អាយុ១៧ឆ្នាំ ៧.ឈ្មោះ កួយ តាំងគុណ អាយុ១៩ឆ្នាំ ៨.ឈ្មោះ គីម ម៉ាលីន ភេទស្រី អាយុ២០ឆ្នាំ និង ៩.ឈ្មោះ ដា ដាណេ ភេទស្រី អាយុ១៩ឆ្នាំ ពួកគេមានទីលំនៅក្នុងស្រុករលាប្អៀរ និងមួយចំនួនទៀតនៅក្នុងក្រុងកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញនូវ វត្ថុតាងដែលរឹបអូសបានក្នុងកិច្ចបង្ក្រាបបទល្មើសខាងលើរួមមាន៖មគ្រឿងញៀនម៉ាទឹកកក២កញ្ចប់ , សម្ភារៈប្រើប្រាស់ និងថង់វិចខ្ចប់ថ្នាំញៀនមួយចំនួន ដាវ២ដើម កាំភ្លើងកែឆ្នៃ១ដើម ម៉ូតូ៣គ្រឿង និងទូរស័ព្ទដៃចំនួន៥គ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលព័តមានពីប្រជាពលរដ្ឋស្តីពីសកម្មភាពរបស់ក្រុមប្រើប្រាស់គ្រឿងញៀន និងចែកចាយគ្រឿងញៀន បានដាក់កម្លាំងចុះបង្រ្កាបនិងចាប់បានជនសង្ស័យប្រុសស្រីចំនួន៩នាក់ នៅក្នុងភូមិដំណាក់ពពូល និងចំណុចចំការស្វាយចាន់ទីចុងកន្លែងស៊ីុម៉ាក់ក្នុង ភូមិម៉ុងបារាំង នៅពេលពួកគេកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។
ជនសង្ស័យទាំង៩នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការបន្តនិងផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ដោយ៖ ចន្ថា