ភ្នំពេញ, ក្រសួងសុខាកបាល ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឈោ្មះ PRO STAR គ្មានលេខបញ្ជិកាពក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យ បានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ 9-PRO STAR KH-PRO STAR CAMBODIA M-PRO STAR CAMBODIA G-P ៥- Pro-Star CELL Store កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ PRO STAR គ្មានលេខ បញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យ រាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រ កម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញផលិតផលខាងលើ សូមពិនិត្យ មើលលតាបត្រលេខបញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១-ផ្នែកខាងលើមាន ឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកាដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការប្រើប្រាស់ផលិតផល បំប៉នសុខភាពឈ្មោះ PRO STAR ដែលបានផ្សព្វផ្សាយលក់តាមគណនីហ្វេសប៊ុកខាងលើ និងគណនី ផ្សេងៗទៀតព្រោះផលិតផលនេះគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលឡើយ។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីខាងលើ និងគណនីផ្សេងៗទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ PRO STAR គ្មានលេខបញ្ជិកាខាងលើនេះជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងគណនី ពាក់ព័ន្ធដទៃទៀត ដែលនាំចូលចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ PRO STAR គ្មានលេខបញ្ជិកា ទាំងអស់ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលបំប៉ន សុខភាពឈ្មោះ PRO STAR គ្មានលេខបញ្ជិកាខាងលើនេះ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មាន បន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០ ៕
ដោយ, សិលា