ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងកាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់មិត្ដភាព ខណ្ឌ៧មករា បន្ទាប់ពីគេបានប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងរថយន្ដ CRV របស់ខ្លួនដោយមិនដឹងមូលហេតុ។
មន្រី្តនគរបាលប៉ុស្តិ៍មិត្តភាព បានឲ្យដឹងថា បុរសដែលដេកស្លាប់នៅក្នុងរថយន្ដនោះ មានឈ្មោះ មាស សាមឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជានាយរងលេខាធិការដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ មានឋានន្តរសក្តិវរសេនីយត្រីនិងមានទីលំនៅ ផ្ទះលេខ៦២ ផ្លូវ២៥៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះរថយន្តចូលទៅធ្វើការនៅក្នុងក្រសួងការពារជាតិដូចសព្វដង។ តែមួយសន្ទុះក្រោយមកគេសង្កេតឃើញថា រូបគាត់ហាក់ដូចជាមានអាការៈមិនសូវស្រួលខ្លួន ក៏បានដើរចូលទៅសម្រាកក្នុងរថយន្ដរបស់ខ្លួនម៉ាក CRV ហើយក្រោយមកមិនដឹងរឿងអីស្រាប់តែឃើញបែកពពុះមាត់ស្លាប់ក្នុងរថយន្តតែម្នាក់ឯងដោយគ្មានអ្នកណាដឹងឡើយ ។ លុះបានប្រមាណកន្លះម៉ោងក្រោយ មកមានមិត្តភក្តិធ្វើការជាមួយឃើញជនរងគ្រោះដេកក្នុងរថយន្តមិនកម្រើក កើតមានការសង្ស័យក៏ចូលទៅដាស់ទើបដឹងថាជនរងគ្រោះមិនដឹងស្លាប់តាំងពីពេលណា ក៏រាយការណ៍ប្រាប់ទៅក្រុមគ្រួសារនៅឯផ្ទះ បង្កការភ្ញាក់ផ្អើលតែម្តង ។
បន្ទាប់មកទើបមាននគរបាលជំនាញចុះមកធ្វើកោសល្យវិច័យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង បន្ទាប់ពីមានជំងឺទឹកនោមផ្អែមផង ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅវត្ដស្វាយដង្គំ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស រស្មី