ខេត្តកណ្តាល៖ មន្ត្រីនគរបាលម្នាក់ចេញពីធ្វើការនៅសាលាបណ្ឌិតសភានគរបាលកម្ពុជាដីឥដ្ឋបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តទួរីសដឹកអ្នកដំណើរបើកបុកចំពីមុខពេញទំហឹងបណ្តាលខ្ទេចក្បាលម៉ូតូ សំណាងល្អមន្ត្រីនគរបាលរូបនោះរួចផុតពីគ្រោះថ្នាក់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅមុខសាលាឃុំដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា អ៊ែប្លែត ពណ៍ទឹកមាស ពាក់ស្លាកលេខ តាកែវ 1I-5926 ម្ចាស់ម៉ូតូជាមន្ត្រី នគរបាលនៅសាលាបណ្ឌិតសភា ។ ចំណែករថយន្តបង្កម៉ាក់សាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2V-3161 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះឡើយ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់សាក្សីបានឃើញរថយន្តបង្កបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់ចំណុចកើតហេតុបានបើកប្រជែងរថយន្តកុងតឺន័រនៅពីមុខ ។ ពេលកំពុងប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គក៍ជ្រុលទៅបុកជនរងគ្រោះជាមន្ត្រីនគរបាលជាតិបណ្តាលឲ្យខ្ទេចក្បាលម៉ូតូ ចំណែកម្ចាស់ ម៉ូតូរួចផុយពីគ្រោះថ្នាក់ ។ បន្ទាប់ពីកើតហេតុភាគីខាងរថយន្តបង្កបានយល់ព្រមចេញសំណងដល់ម្ចាស់ម៉ូតូ ៕
ដោយ៖ សណ្តោស