អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះផ្សាយថា៖ របបយោធាមីយ៉ាន់ម៉ា បានប្រកាសនៅថ្ងៃចន្ទទី២៦ ខែកក្កដាម្សិលមិញនេះ សម្រេចលុបចោលលទ្ធផលបោះឆ្នោតសកលកាលពីឆ្នាំ២០២០ ដែលគណបក្សរបស់ លោកស្រី អោង សាន ស៊ូជី ជាអ្នកទទួលបានជ័យជម្នះ ដោយសំអាងថា ការបោះឆ្នោតនេះគ្មានភាពយុត្តិធម៌ និងតម្លាភាព។
ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយបន្ថែមថា៖ បេីតាមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា លោក ធេន សូ (Thein Soe) បានប្រកាសលុបចោលលទ្ធផលបោះឆ្នោតខាងលើ ដោយសំអាងថា៖” សន្លឹកឆ្នោតច្រើនជាង ១១លានសន្លឹកត្រូវបានលួចបន្លំ”។
លោកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “គណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ LND បានព្យាយាមដណ្ដើមអំណាចរដ្ឋពីគណបក្សផ្សេង និងពីបេក្ខជនដទៃ តាមរយៈការធ្វើសកម្មភាពបោកបញ្ឆោត កំលុងការរឹតត្បិតប្រឆាំងជំងឺ COVID-19… វាជាការបោះឆ្នោតដែលគ្មានភាពយុត្តិធម៌ និងតម្លាភាព ហើយនេះគឺជាហេតុផល ដែលលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ត្រូវបានលុបចោល”។
គួរបញ្ជាក់ថា ទោះជាយ៉ាងណា លោក ធេន សូ មិនបានបញ្ជាក់ថា ការបោះឆ្នោតសកលថ្មីមួយនឹងរៀបចំនៅពេលណានោះទេ ស្របពេលប្រមុខរបបយោធាមីយ៉ាន់ម៉ា ធ្លាប់បានសន្យាថា ការបោះឆ្នោតជាថ្មីនឹងត្រូវរៀបចំឡើងក្នុងរយៈពេល ០២ឆ្នាំខាងមុខ ហើយក៏បានគំរាមរំលាយគណបក្សរបស់លោកស្រី ស៊ូជី ចោលផងដែរ៕ដោយ៖ស តារា
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា លោក ធេន សូ (Thein Soe)
រូបភាព៖ឯកសារ ពលរដ្ឋមីយ៉ាន់ម៉ា ទម្លាក់សន្លឹកឆ្នោតក្នុងធុងក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។ រូបថត AFP