ភ្នំពេញ៖ តារាចម្រៀងចំនួន៤រូបមានដូចជាកញ្ញា ស៊ុន ស្រីពេជ្រ, កញ្ញា ផន ស្រីខួច, កញ្ញា ស៊ូ ដាណេ និងលោក ផាន់ កុលសុភោ បានចេញដំណើរពីកម្ពុជាកាលពីល្ងាចថ្ងៃទី២២ ខែមីនា នេះដើម្បីច្រៀងរាំរកលុយនៅប្រទេសអូស្ត្រាលី។ តារាចម្រៀងទាំអស់នឹងចំណាពេលមួយខែពេញ ពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីនៃប្រទេសនេះផងដែរ។
កញ្ញា ស៊ូ ដាណេ បានបញ្ជាក់ថា ការចេញដំណើររបស់នាងនិងតារាចម្រៀងផ្សេងទៀតគឺតបតាមការចង់បានរបស់សមាគមខ្មែរអូស្រ្តាលីភាគខាងត្បូង ហើយទីក្រុងសំខាន់មួយចំនួនដែលសម្បូរដោយប្រជាជនខ្មែររស់នៅនឹងត្រូវបានពួកនាងចូលរួមច្រៀងរាំមានដូចជាទីក្រុងស៊ីដនីអាលដឺឡេតមេលប៊នផងដែរ។ កញ្ញា បញ្ជាក់ដែរថា នាងនិងសិល្បករទាំងអស់សុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញបទចម្រៀងចម្រុះពិសេសបទចម្រៀងប្រជាប្រិយខ្មែរ មានរាំវង់ រាំក្បាច់ សារវ៉ាន ឡាំលាវជាដើមដើម្បីបង្កបរិយាកាសកម្សាន្តសប្បាយសម្រាប់ប្រជាជនខ្មែររស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ ក្រៅពីនេះនាងក៏នឹងបង្ហាញទស្សនីយភាពរបាំក្បាច់បុរាណរបាំព្រះរាជទ្រព្យនិងរបាំប្រជាប្រិយខ្មែរមួយចំនួនតបតាមការចង់បានរបស់អ្នករៀបចំកម្មវិធីខាងលើផងដែរ។ នាងបញ្ជាក់ដែរថា ប្រសិនបើគ្មានការប្រែប្រួលតារាចម្រៀងទាំង៤រូបនឹងវិលមកកម្ពុជាវិញក្រោយពិធីចូលឆ្នាំថ្មីប្រពៃណីជាតិចប់។ កញ្ញា ស៊ូ ដាណេ រំពឹងថា ការចេញដំណើរទៅសម្តែងរបស់នាងនិងសិល្បករបីរូបផ្សេងទៀតនឹងទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែររស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីជាក់ជាមិនខាន។
តារាចម្រៀង និងជាអ្នករបាំពហុជំនាញរូបនេះបានបញ្ជាក់ថា ទោះជាយ៉ាងណានាងនឹងវិលទៅប្រទេសអូស្ត្រាលីជាថ្មីនៅក្នុងអំឡុងខែតុលាទៀតដែលនាងនឹងត្រូវចំណាយពេលជាយូខែដើម្បីបង្ហាត់បង្រៀនកូនខ្មែរកើតលើទឹកដីនៃប្រទេសអូស្ត្រាលីអំពីរបាំប្រជាប្រិយនិងរបាំព្រះរាជទ្រព្យជាដើម។ នាងថា វាគឺជាកិត្តិយសសម្រាប់នាងនិងសិល្បករដទៃទៀតដែលមានឱកាសចេញទៅសម្តែង ច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលីនេះ៕ វឌ្ឍនា