ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឱ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ឱ្យសមត្ថកិច្ចផងបើឃើញបុគ្គលឈ្មោះ សឿង វុត្ថា ភេទប្រុស អាយុ២៤ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានជួបឬស្គាល់ឬមានទំនាក់ទំនងជាមួយឈ្មោះ សឿង វុត្ថា ភេទប្រុស អាយុ ២៤ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានំណូមពរឱ្យប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ប្រសិនបើដឹងពីដំណើររបស់បុគ្គលខាងលើ ឬបានប្រទះឃើញបុគ្គលខាងលើ ឬស្គាល់អ្នកដែលបានពាក់ព័ន្ធជាមួយបុគ្គលខាងលើនេះ។
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានសំណូមពរឱ្យអ្នកដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលជាមួយបុគ្គលខាងលើនេះសូមតាមដានសុខភាពរបស់ខ្លួន ឬ ប្រសិនបើមានអាការគ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។
មូលហេតុ៖ ឈ្មោះ សឿង វុត្ថា ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ-១៩ នៅពេលចូលទៅទទួលសេវាព្យាបាលរបួសនៅមន្ទីរពេទ្យព្រះអង្គឌួងកាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា ដោយសារតែការវះកាត់របួស ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង មួយរយៈពេលខ្លីសិនមុនពេលត្រូវរៀបចំបញ្ចូនបន្តទៅមណ្ឌលព្យាបាល ជំងឺកូវីដនៅថ្ងៃបន្ទាប់។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះបានបាត់ខ្លួនពីមន្ទីរពេទ្យព្រះអង្គឌួង និងមិនអាចទាក់ទងបានរហូតមកដល់ពេលនេះ៕
ដោយ, សិលា