រយៈពេល​ ៦ខែឆ្នាំ២០២១នេះ! កម្ពុជា នាំទំនិញចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ប្រមាណ៥១៦លានដុល្លារ ធ្លាក់ចុះ៣៣ភាគរយ

ចែករំលែក៖

ភ្នំពេញ​៖ បើយោងតាមរបាយការណ៍របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានបញ្ជាក់ថា៖ គិតត្រឹមរយៈពេល​ ៦ខែ ដើមឆ្នាំ២០២១នេះ កម្ពុជា​ បាននាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ប្រមាណ៥១៦លានដុល្លារ ធ្លាក់ចុះ៣៣ភាគរយ,​ ខណៈការនាំចូលពីថៃ មានទឹកប្រាក់រហូតដល់ជាង ៣,៤៦៦លានដុល្លារ។

របាយការណ៍ដដែល​ បន្តថា​ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សម្រេចបានសរុបប្រមាណ ៣,៩៨២លានដុល្លារ ធ្លាក់ចុះ១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន៤,០២៥លានដុល្លារ។

ដោយ​ឡែក​ចំពោះមុខទំនិញ ដែលកម្ពុជា​ នាំចេញទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញ មានដូចជា៖ រថយន្ត, ប្រេងឥន្ធនៈ, ជីកសិកម្ម, ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម -ល-។

គួរជម្រាបដែរថា​ កាលពីពេលកន្លងមកនេះ​ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ថា ការធ្លាក់ចុះ នៃការនាំចេញរបស់កម្ពុជា ទៅប្រទេសថៃនេះ គឺដោយសារតែបញ្ហាការរាលត្បាត នៃជំងឺកូវីដ-១៩។​ លោក ប៉ែន សុវិជាតិ បានបញ្ជាក់បន្ថែមថា៖ «ការធ្លាក់ចុះ ការនាំចេញរបស់កម្ពុជាទៅថៃ គឺអាចបណ្តាលមកពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅខេត្តតាមបណ្តោព្រំដែន កម្ពុជា-ថៃ ដែលធ្វើឲ្យមានការរឹតបន្តឹង លើការដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ»។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូប​នេះ​ បានបន្ថែមទៀតថា​ ការធ្លាក់ចុះ ការនាំចេញទំនិញកម្ពុជា ទៅកាន់ប្រទេសថៃនេះ មិនមែនមកពីកត្តាតម្រូវការប្រើប្រាស់ របស់ពលរដ្ឋថយចុះនោះឡើយ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ ៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print