ខេត្តកំពង់ស្ពឺ៖ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលជំនាញខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍ទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ដែលត្រូវបានគេប្រទះឃើញស្លាប់ក្នុងរូបភាពចងកជាប់នឹងចម្រឹងបង្អួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣០ ខែកក្កដាម្សិលមិញនេះ នៅចំណុចភូមិវាលស្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គឺជាករណីឃាតកម្ម មិនមែនជាករណីចងករសម្លាប់ខ្លួននោះទេ។
របាយការណ៍ដដែល បន្តថា ក្មេងស្រីរងគ្រោះឈ្មោះ គ្រឿង ស្រីរដ្ឋ អាយុ ១២ឆ្នាំ។ មានឪពុកឈ្មោះ ឆិល ណាគ្រី អាយុ ៣៨ឆ្នាំ ម្ដាយឈ្មោះ វុិត និន អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលេី។
គួររម្លឹកថា បន្ទាប់ពីកើតហេតុភ្លាមៗកម្លាំងកងរាជអាវុធហត្ថខេត្ត រួមជាមួយកម្លាំងនគរបាលខេត្តដោយមានការចូលរួមពី អង្គការការពារសិទ្ធកុមារ និង អាជ្ញាធរភូមិ-ឃុំ បានចុះធ្វើកោសល្យវិច័យទៅលើសាកសពក្មេងស្រីរងគ្រោះ ឃើញថាជនរងគ្រោះបានស្លាប់ក្នុងសភាព យកខោឈុតជើងវែងចងករជាប់ចម្រឹងបង្អួចកម្ពស់ប្រហែល ១២០សង់ទីម៉ែត្រនៅក្នុងផ្ទះ ។
ក្រោយមកយោងតាមការសន្និដ្ឋានរបស់ជំនាញកោសល្យវិច័យ ករណីខាងលើនេះ គឺជាករណីឃាតកម្ម មិនមែនជាករណីចងករសម្លាប់ខ្លួននោះទេ រួចសមត្ថកិច្ចជំនាញ បានប្រគល់សាកសពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកជុំវិញករណីនេះដែរ កម្លាំងសមត្ថកិច្ចជំនាញ កំពុងសហការបន្តស្រាវជ្រាវស្វែងរកមុខជនសង្ស័យ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ដោយ៖សហការី